កំពង់ឆ្នាំង៖ លោក ឈិន សេងងួន អភិបាលរង ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាល ចេញអនុក្រិត្យសម្រេចផ្ទេរភារកិច្ច មកជាអភិបាលរង នៃគណ:អភិបាលខេត្តកំពង់ឆ្នាំង ។
ពិធីប្រកាសចូលកាន់តំណែង ជាអភិបាលរងខេត្តកំពង់ឆ្នាំងនេះ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ក្រោមអធបតីភាព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាសខេត្ត និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានកាអញ្ជើញចូលរួម ពីសំណាក់លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តផងដែរ ។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្ទេរភារកិច្ចលោក ឈិន សេងងួន ឋានន្តរសក្តិឧត្តមមន្ត្រីថ្នាក់លេខ៤ ពីអភិបាលរង នៃគណៈអភិបាលខេត្តព្រះ សីហនុ ឱ្យមកកាន់មុខតំណែង ជាអភិបាលរង នៃគណ:អភិបាលខេត្តកំពង់ឆ្នាំង ជំនួសឯកឧត្តម ហេង ពិទូ ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថា ការផ្លាស់ប្តូរតួនាទីភារកិច្ច និង ផ្តល់តំណែងក្នុងការដឹកនាំ គឺអនុវត្តតាមតួនាទីជាអភិបាលរងខេត្តនាពេលនេះគឺ ស្របតាមច្បាប់កំណត់។ ដើម្បីធានាឲ្យមន្ត្រីដឹកនាំនៅមូលដ្ឋាន បំពេញការងារប្រកបដោយប្រសិទ្ធភាព តម្លាភាព ការរៀនសូត្រដកបទស្រង់បទពិសោធន៍ ក្នុងជួរមន្រ្តីដឹកនាំនៅថ្នាក់ក្រោមជាតិ ពីមូលដ្ឋានមួយទៅមូលដ្ឋានមួយទៀតប្រកដោយការអភិវឌ្ឍន៍ ក្នុងការអនុវត្តគោលនយោបាយ កំណែទម្រង់ស៊ីជំរៅរបស់រាជរដ្ឋាភិបាល និងការបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ។ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិបានផ្តាំផ្ញើរ ដល់អភិបាលរងខេត្តដែលទើបតែងតាំង ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដើម្បីថែរក្សាការពារ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ នៅតាមមូលដ្ឋានជូនបងប្អូនប្រជាពលរដ្ឋអោយបានល្អប្រសើរ ធ្វើឱ្យខេត្តកំពង់ឆ្នាំងកាន់តែមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាបន្តបន្ទាប់ថែមទៀត ។ ជាមួយនេះ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តអនុវត្ត ពង្រឹងវិធានការទប់ស្កាត់ការីករាលដាលជំងឺកូវីដ១៩ ដោយបានចុះអប់រំផ្សព្វផ្សាយអំពី វិធានការអនាម័យ វិធានការសុខាភិបាល និង រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ទីកន្លែង ៕











