កំពង់ឆ្នាំង ៖ អ្នកភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាច្រើនគ្រួសារ បានដាំបន្លែលក់ ។ ប៉ុន្តែដំណាំដែលប្រជាសហគមន៍ នៅទីនោះ ដាំច្រើនជាងគេ គឺខ្ទឹមស្លឹក ពីព្រោះដំណាំខ្ទឹមស្លឹកមានទីផ្សារងាយស្រួលលក់ ។

លោកស្រី រិទ្ធ ចន្ថា ប្រធានសហគមន៍ ទឹកហូតមានជ័យក្តីសង្ឃឹម បានឲ្យដឹងថា ការដាំខ្ទឹមស្លឹកនៅក្នុងសហគមន៍ មានអ្នកផលិតចំនួន១១៥គ្រួសារ មានផ្ទៃដីសរុបចំនួន៨៦ហិកតា ជាសក្តានុពល។ សហគមន៍អាចផ្តត់ផ្គង់ខ្ទឹមស្លឹកទៅកាន់ទីផ្សារ ចន្លោះ ពី៤តោនទៅ៧តោន ក្នុង១ថ្ងៃ ចំពោះតម្លៃឡើងចុះទៅតាមទីផ្សារ ។ បច្ចុប្បន្នតម្រូវការទីផ្សារ ត្រូវការ១០តោន ក្នុង១ថ្ងៃ ប៉ុន្តែអ្នកផលិតធ្វើមិនទាន់បាននៅឡើយ។ ដើម្បីផលិតឲ្យបានតាមតម្រូវការទីផ្សារសហគមន៍មានផែនការពង្រីកផ្ទៃដីដាំដុះ ចំនួន២៨ហិកតា បន្ថែមទៀត ។

លោកស្រី រិទ្ធ ចន្ថា បានឲ្យដឹង កាលពី២ខែមុន សហគមន៍ បានទទួលវិញ្ញាបនប័ត្រ១ដែលទាក់ទងទៅនឹងភូមិមួយផលិតផលមួយ ។ ហើយថ្មីៗនេះ មានក្រុមហ៊ុនមួយបានមកនិយាយជាមួយសហគមន៍ ដើម្បីឲ្យខាងសហគមន៍ ផលិតខ្ទឹមស្លឹកលក់ជូនគាត់។ប៉ុន្តែសហគមន៍ នៅមិនទាន់ហ៊ានចុះកុងត្រានៅឡើយទេ ព្រោះខ្លាចប៉ះពាល់ដល់ការផ្គត់ផ្គង់ ដោយរង់ចាំធ្វើការពង្រីកផ្ទៃជាមុនសិន ។

លោកស្រី រិទ្ធ ចន្ថា បានឲ្យដឹងទៀតថា ការដាំបន្លែនៅក្នុងសហគមន៍ ទឹកហូតមានជ័យ ក្តីសង្ឃឹម មានការជួយជ្រោមជ្រែងយ៉ាងខ្លាំង ពីមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ ខេត្តកំពង់ឆ្នាំង ទាំងបច្ចេកទេស នៃការដាំដុះ និង ជួយរកដៃគូរទីផ្សារផងដែរ ៕











