ថ្ងៃបញ្ចប់​នៃ​យុទ្ធ​នា​ការ​ឃោស​នា​បោះ​ឆ្នោត​​ នៅ​ខេត្ត​កំពង់​ឆ្នាំង​ មាន​តែ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​មួយ​ប៉ុណ្ណោះ​ ធ្វើ​ការ​ហែរ​ក្បួន​ទ្រង់​ទ្រាយ​ធំ​ ដែល​មាន​អ្នក​ចូល​រួម​ជាង​១០​ម៉ឺន​នាក់​​

កំពង់ឆ្នាំង ៖ នៅខេត្តកំពង់ឆ្នាំង មានគណបក្សនយោបាយចំនួន១៤ ដែលបានចុះបញ្ជីឈ្មោះបេក្ខជន សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧នេះ ។

នៅក្នុងថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោត នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះមានតែគណបក្សប្រជាជនកម្ពុជា មួយប៉ុណ្ណោះដែលបានធ្វើការដង្ហែរក្បួនទ្រង់ទ្រាយធំ មានអ្នកចូលរួមប្រម៉ាណជាង១០ម៉ឺននាក់ ។

យុទ្ធនាការឃោសនាដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករនេះ ដឹកនាំដោយសម្តេច ចៅហ្វាវាំងគង់ សំអុល សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងនិងមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារ ថ្នាក់កណ្តាល ចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង, ឯកឧត្តម គុយ សុផល សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និង ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង,លោកជំទាវ ជូ ប៊ុនអេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង , ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង និងលោកជំទាវ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារ ថ្នាក់កណ្តាល ថ្នាក់ខេត្តនិងក្រុង ស្រុក ផងដែរ ។

អ្នកចូលរួមដង្ហែរក្បួន នៅក្នុងយុទ្ធនការឃោសនាពេលនោះ បានសម្ដែងមោទកភាព ដែលខ្លួនមានគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស និងមានថ្នាក់ដឹកនាំល្អ ដែលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍ រីកចំរើនជាបបន្ដបន្ទាប់ ។ ពួកគាត់បានបន្ដថា ប្រជាពលរដ្ឋមានក្តីសង្ឃឹម និងស្នាមញញឹម ដែលកើតចេញពីស្ថិរភាព សន្តិភាព និងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

លោកស្រី នូន ចាន់នី. ប្រធានគណៈកម្មការខេត្តរៀបចំការបោះឆ្នោត ( គខប ) បានឲ្យដឹងថានៅក្នុងខេត្តកំពង់ឆ្នាំង ជាទូទៅបរិយាកាស និងដំណើរការ នៃយុទ្ធនាការឃោសនា បានប្រព្រឹត្តទៅក្នុងភាពរលូន ដោយមិនមានបញ្ហាអ្វីកើតឡើងនោះឡើយ ។ គ្រប់គណបក្សនយោបាយទាំងអស់ បានធ្វើយុទ្ធនាការឃោសនា ទៅតាមលទ្ធភាព របស់គណបក្សនិមួយៗ ។

លោកស្រី នួន ចាន់នី បានឲ្យដឹងទៀតថា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ មានតែគណបក្សប្រជាជនកម្ពុជា មួយប៉ុណ្ណោះ ដែលបានធ្វើការជួបជុំ និងដង្ហែរក្បួនទ្រង់ទ្រាយធំ ។


សូមបញ្ជាក់ថា ខេត្តកំពង់ឆ្នាំង មាន ៨ក្រុង ស្រុក ៧១ឃុំ សង្កាត់ មានការិយាល័យបោះឆ្នោត ចំនួន ៨១៨ ការិយាល័យ និងប្រជា ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចំនួន ៣៥៩ ៦៩៨នាក់ ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង