កំពង់ឆ្នាំង ៖ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺអុតក្តាម និងសារទឹក សត្វគោ ក្របី នៅក្នុងខេត្តកំពង់ឆ្នាំង នឹងបញ្ចប់នៅចុងខែសីហា ខាងមុខ
នេះ ។ នេះបើតាមការបញ្ជាក់របស់លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៨ ខែសីហាឆ្នាំ២០២៣ ។

លោក ក្រឹង សំអាត បានឲ្យដឹងថា នៅសប្តាហ៍មុនក្រុមមន្ត្រីពេទ្យសត្វខេត្ត ស្រុក និងភ្នាក់ងារសុខភាពសត្វភូមិ បានសហការគ្នាចុះចាក់វ៉ាក់សាំងការពារជំងឺអុតក្តា និងជំងឺសារទឹកដល់សត្វគោ ក្របី ប្រជាពលរដ្ឋបានជាង២ម៉ឺនក្បាល និងនៅសប្តាហ៍នេះចាក់បាន ១៥ ០០០ក្បាល គឺនៅសល់តែ ៥ ០០០ល្បាល ទៀតប៉ុណ្ណោះ ដែលនឹងបញ្ចប់នៅចុងខែសីហា ខាងមុខនេះ ។

លោកបញ្ជាក់ថា វ៉ាក់ទាំងនេះផ្តល់ដោយអគ្គនាយកដ្ឋានផលិតកម្ម និងបសុព្យាបាល និងចាក់ដល់សត្វគោ ក្របី របស់ប្រជាពលរដ្ឋដោយមិនគិតថ្លៃ ដើម្បីកាត់បន្ថយអត្រាឈឺ ស្លាប់ សត្វគោ ក្របី របស់ប្រជាពលរដ្ឋ ។

លោក ក្រឹង សំអាត បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យចិញ្ចឹមសត្វឲ្យបានច្រើន ដើម្បីបង្កើនសេដ្ឋកិច្ចក្នុងគ្រួសារ ។ ហើយការចិញ្ចឹមត្រូវធ្វើក្រោល ធ្វើទ្រុងដាក់ឲ្យបានត្រឹមត្រូវ កុំលែងចោលពាសវាល ពាសកាល និងមើលថែទាំឲ្យបានល្អ បើមានសត្វឈឺត្រូវរាយការណ៍ទៅមន្ត្រីអាជ្ញាធរ និងភ្នាក់ងារសត្វភូមិដើម្បីជួយអត្តរាគមន៍ និងព្យាបាលបានទាន់ពេលវេលា ៕
