សាលារៀន​សុវណ្ណ​ភូមិ​សាខា​ខេត្ត​កំពង់​ឆ្នាំង​ធ្វើ​ពិធី​ប្រគល់​វិញ្ញា​បន​បត្រ ​បណ្ណ​សរ​សើរ ​និង​ចែក​រង្វាន់​ដល់​សិស្ស​ពូកែ​ប្រចាំ​ឆ្នាំ​២០២​៣​​

  • កំពង់ឆ្នាំង ៖សាលារៀនសុវណ្ណភូមិ សាខាខេត្តកំពង់ឆ្នាំង បានរៀបចំធ្វើពិធីប្រគល់វិញ្ញាបនបត្រ បណ្ណសរសើរ និងចែករង្វាន់ដល់សិស្សពូកែប្រចាំឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក សុឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ។

    អញ្ជើញចូលរួម ក្នុងពិធីនេះផងដែរមាន លោក ញ៉ែម មុន្នី ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ក្រុងកំពង់ឆ្នាំង លោក គួយ ចាន់រ៉ា នាយកសាលារៀនសុវណ្ណភូមិ លោក លោកស្រី ជាថ្នាក់ដឹងនាំ លោកគ្រូ អ្នកគ្រូ សាលារៀនសុវណ្ណភូមិ ព្រមទាំងមាតា បិតា អាណាព្យាបាលសិស្សជាច្រើនរូបទៀត ។

    លោក គួយ ចាន់រ៉ា នាយកសាលារៀនសុវណ្ណភូមិ សាខាខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាសាលារៀនសុវណ្ណភូមិ សាខាខេត្តកំពង់ឆ្នាំងបានដំណើរការមានរយះពេល១ឆ្នាំហើយ ដោយមានការគាំទ្រ ពីសិស្សានុសិស្ស និងមាតា បិតា អាណាព្យាបាលសិស្សយ៉ាងខ្លាំង។គិតមកដល់ឆ្នាំសិក្សា ២០២៣,២០២៤ នេះ សាលាបាននឹងកំពុងផ្តល់នូវការអប់រំដល់សិស្សានុសិស្ស ទាំងចំណេះទូទៅខ្មែរ និងភាសាអង់គ្លេសគ្រប់កម្រិត ដែលមានចំនួនសិស្សសរុបប្រម៉ាណជាង៥០០នាក់។

    លោក គួយ ចាន់រ៉ា បានឲ្យដឹងទៀតថា ដើម្បីឆ្លើយតបនឹងទំនុកចិត្ត ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ រួមនឹងបុគ្គលិកគ្រប់ផ្នែកទាំងអស់ នៃសាលារៀនសុវណ្ណភូមិ បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា និងសមត្ថភាព ផ្តល់ជូននូវសេវាកម្ម និងការអប់រំប្រកបដោយគុណភាព ដោយសាលាបានរិៈរកនូវវិធីសាស្ត្របង្រៀន និងសកម្មភាពផ្សេងៗ ប្លែកៗ ដែលទាក់ទងដល់ការសិក្សា របស់សិស្ស ដោយធ្វើយ៉ាងណាឲ្យសិស្ស ឆាប់ចេះ ឆាប់យល់ និងទទួលបាននូវចំណេះដឹងពិតប្រាកដ ។

    នៅក្នុងឳកាសនោះលោក សុឹម ប្រឹម ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំងបានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោល នយោបាយអាទិភាពសំខាន់ៗជាច្រើន ជូនក្រសួងអប់រំ យុវជន និងកីឡា ក្នុងចំណោមនោះគឺ ការពង្រឹងគុណភាព វិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដែលមានគោលដៅយុទ្ធសាស្ត្រ ផ្តោតលើការបង្កើតបរិយាកាសល្អ សម្រាប់ការអប់រំ និងការបណ្តុះបណ្តាល ប្រកបដោយគុណភាព និងជំនាញខ្ពស់ តាមរយៈការពង្រឹងអភិបាលកិច្ច នៃការគ្រប់គ្រងនៅតាមគ្រឹះស្ថានសិក្សា ការពង្រឹងគុណភាព នៃការបណ្តុះបណ្តាលគ្រប់កម្រិតសិក្សា ការបង្កើន គុណភាព និងការចូលរៀនមុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា (STEAM) និងការពង្រឹងការអប់រំកាយ និងកីឡាផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង