កំពង់ឆ្នាំង ៖ អត្រាឆ្លងជំងឺកូវិដ១៩ ក្នុងខេត្តកំពង់ឆ្នាំង នៅមិនទាន់ថមថយនៅឡើយទេ ។ ថ្ងៃនេះរដ្ឋបាលខេត្តកំពង់ ឆ្នាំង បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបន្តរកឃើញអ្នកវិជ្ជមាន កូវីដ-១៩ តាម រយៈការធ្វើតេស្តរហ័សចំនួន១១៤នាក់បន្ថែមទៀត ដែលជាចំនួនឆ្លងប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មានពីមុនមក ខណៈថ្ងៃនេះដែរ មានអ្នកជំងឺជាសះស្បើយ ចំនួន២៧នាក់ ។
រដ្ឋបាល ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា អ្នកវិជ្ជមាន កូវីដ១៩ ទាំង១១៤នាក់នេះ ជាអ្នករស់នៅ ក្នុងក្រុងកំពង់ឆ្នាំង ចំនួន៣០នាក់ ស្រុកកំពង់ត្រឡាចំ២៧នាក់ ស្រុកជលគិរី៨នាក់ ស្រុកបរិបូរណ៍១នាក់ ស្រុករលាប្អៀរ៣៩នាក់ ស្រុកសាមគ្គីមានជ័យ៤នាក់ ស្រុកទឹកផុស៣នាក់ មកពីខេត្តតាកែវ១នាក់ និង ខេត្តសៀមរាប១នាក់ ។
រដ្ឋបាល ខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ដែលធ្លាប់ ប្រាស្រ័យទាក់ទងដោយផ្ទាល់ឬប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ ទាំង១១៤នាក់នេះ ក្នុងរយៈពេល ១៤ថ្ងៃមុន សូមមកពិនិត្យ សំណាក ជាបន្ទាន់ នៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ដើម្បី ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវ វិធានការ “៣ការពារ និង៣កុំ” ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តកំពង់ឆ្នាំង រកឃើញអ្នកឆ្លងកូវិដ១៩ សរុបចំនួន៣ ៦១១នាក់ ស្រីចំនួន២ ១៨៧នាក់ អ្នកជំងឺជាសះស្បើយសរុបចំនួន២ ៩០៣នាក់ ស្រីចំនួន១ ៨០៣នាក់ ស្លាប់សរុបចំនួន១០១នាក់ ស្រីចំនួន៦១នាក់ និង កំពុងសម្រាកព្យាបាលសរុបចំនួន៦០៧នាក់ស្រីចំនួន៣២៣នាក់ ៕











