កំពង់ឆ្នាំង ៖ រដ្ឋបាលស្រុកកំពង់លែង នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ បានប្រារព្វមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា( ៧មករា ១៩៧៩- ៧មករា ២០២៤ ) ក្រោមអធិបតីភាព លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង ។

អង្គមិទ្ទីញក៏មានការ អញ្ជើញចូលរួមពី លោក យ៉ែម លក្ខិណា អភិបាលស្រុក កំពង់លែងលោក លោកស្រីជាសមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក ប្រធាន អនុប្រធានមន្ទីរ ជាក្រុមការងាចុះមូលដ្ឋានស្រុកកំពង់លែង កងកម្លាំងទាំង៣ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានឡើងអានសុន្ទរកថា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានខ្លឹមសារ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ៧មករា ដ៏មហោឡារឹក ដែលជាថ្ងៃបុណ្យជាតិ របស់ប្រជាជនកម្ពុជា ជាស្មារតីចងចាំជានិច្ច នូវការរួចផុតពីរបបប្រល័យពូជសាសន៍ ។

ជាមួយនឹងស្នាមញញឹមដ៏កក់ក្តៅ រីករាយ នឹងអំណរសាទរ ទិវាជ័យជម្នះ៧មករា ដែលបានធ្វើឱ្យប្រទេសជាតិ និងប្រជាជនមានជីវិតរស់រានឡើងវិញក្រោមគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេស និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងជំហានដ៏ស្វាហាប់ និងប្រកបដោយមោទនភាព។

ក្នុងអង្គមីទ្ទីងក៏មានចំណាប់អារម្មណ៍ប្តេជ្ញាចិត្តរបស់ក្រុមយុវជនជាអ្នកបន្តវេន បង្ហាញនូវការរំលឹកដឹងគុណ និងចងចាំជានិច្ចថា គ្រាដែលប្រទេសជាតិធ្លាក់ក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ មានកម្លាំងនយោបាយតែមួយគត់ គឺគណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូរំដោះជាតិដណ្តើមបានមហាជ័យជម្នះ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។ សង្គ្រោះជីវិតប្រជាជនកម្ពុជាឱ្យរួចផុតពីសេចក្តីស្លាប់ និងបានដឹកនាំប្រទេសជាតិ ធ្វើឱ្យប្រជាជនរស់នៅក្នុងកិត្តិយស សេចក្តីថ្លៃថ្នូរ សុខសន្តិភាព ប្រកបដោយសេចក្តីសង្ឃឹម និងភាពញញឹមស្រស់ស្រាយគ្រប់ពេលវេលា និងគ្រប់ទីកន្លែង រហូតមកដល់បច្ចុប្បន្ននេះ ។

លោក សាន់ យូ អភិបាលរង ខេត្តកំពង់ឆ្នាំងបានផ្តាំផ្ញើដល់យុវជនជំនាន់ក្រោយថា ថ្ងៃ៧ មករា ជាថៃ្ងប្រវត្តិសាស្ត្រ និងជាបុណ្យជាតិដ៏សំខាន់ ដែលជនរួមជាតិគ្រប់រូបធ្វើការរំលឹកដល់គុណបំណាច់របស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ រហូតនាំមកនូវសុខសន្តិភាពដូចបច្ចុប្បន្ន។

ដូច្នេះយុវជនត្រូវចងចាំនូវគុណបំណាច់នៃថ្ងៃ ៧មករា ហើយចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សបន្តទៅមុខទៀត ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ៕











