កំពង់ឆ្នាំង ៖ប្រតិភូជំនាញខាងកសិកម្ម ខេត្តក្វាងស៊ីប្រទេសចិន ដឹកនាំដោយលោក Deng Miaohong បានអញ្ជើញមកធ្វើទស្សនកិច្ច នៅមូលដ្ឋានគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាកសិកម្មទំនើប នៅក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា គម្រោងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាកសិកម្មទំនើបនេះ ជាជំនួយរបស់ខេត្តក្វាងស៊ីប្រទេសចិន ដែលគម្រោងនេះអនុវត្តលើការដាំបន្លែក្នុងផ្ទះសំណាញ់ និងក្រៅផ្ទះសំណាញ់ ។

គម្រោងនេះមានគោលដៅបណ្តុះបណ្តាលបច្ចេកទេសដាំដុះដំណាំបន្លែ ដល់ប្រជាកសិករ ដើម្បីបង្កើនផលិតភាព និងប្រាក់ចំណូលក្នុងគ្រួសារ ។ ចំពោះជំនាញដែលត្រូវធ្វើការបណ្តុះបណ្តាលរួមមាន ៖បច្ចេកទេសដាំដុះបន្លែក្នុងផ្ទះសំណាញ់ ការជ្រើសរើសពូជ ការគ្រប់គ្រងសត្វល្អិតនិងជំងឺ និងការរក្សាគុណភាពដី ការផលិតជីកំប៉ុស្តិ ការអនុវត្តកសិកម្មល្អ និងផែនការទីផ្សារ ។

លោក Deng Miaohong ក៏បានជួបពិភាក្សាការងារពាក់ព័ន្ធទៅនឹងការអនុវត្តគម្រោងនេះ ជាមួយ លោក ងិន ហ៊ុន ប្រធានមន្ទីរ កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរ និងមន្ត្រីកសិកម្មខេត្តកំពង់ឆ្នាំងផងដែរ ដើម្បីស្តាប់លទ្ធផល និងតម្រូវការចាំបាច់ ក្នុងការអនុវត្តគម្រោងនេះឱ្យទទួលបានលទ្ធផលល្អ ។

លោក Deng Miaohong និងប្រតិភូរួមដំណើរ នៃខេត្តក្វាងស៊ី ប្រទេសចិន បានចុះទៅពិនិត្យទីតាំងថ្មី សម្រាប់ដំណាក់កាលទី២ របស់គម្រោង ស្ថិតក្នុងភូមិដំបូកកកោះ ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។អត្ថបទ ហឹង ចូច











