ប្រជា​កសិករ​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ សម្រេច​ប្រមូល​ផល​ស្រូវ​វស្សា​​បាន​ជាង​៦០​ភាគ​រយ​ ហើយ​​តម្លៃ​ទាប​ជាង​​ឆ្នាំ​មុន​

  • កំពង់ឆ្នាំង ៖ ប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំង សម្រេចប្រមូលផលស្រូវរដូវវស្សាបានជាង៦០ភាគរយហើយ ដោយទទួលបានទិន្នផលមធ្យម ៣,៦៧៨ តោន ក្នុង១បិកតា ។

    លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ឆ្នាំនេះខេត្តកំពង់ឆ្នាំង សម្រេចធ្វើការដាំដុះស្រូវវស្សាបានចំនួន ១៤២ ៦៦៦ហិកតា ។ គិតត្រឹមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២នេះ ប្រជាកសិករប្រមូលផលបានលើផ្ទៃដី ចំនួន ៩៨ ២១២ ហិកតាហើយ ស្មើនឹង ៦៨,៨៤ ភាគរយ ។ ក្នុងនោះស្រូវស្រាល ប្រមូលផលបានចំនួន ២៥ ៨៤១ហិកតា ដោយទទួលបានទិន្នផល ៤,៣០៩តោន ក្នុង១ហិកតា, ស្រូវកណ្តាលប្រមូលផលបានចំនួន ៦៥ ០៣១ ហិកតា ដោយទទួលបានទិន្នផល៣,៤៤៨តោន ក្នុង១ហិកតា, ស្រូវធ្ងន់ប្រមូលផលបាន ចំនួន ៧ ៣៣០ ហិកតា ដោយទទួលបានទិន្នផល ៣ ៥០១ តោន ក្នុង១ហិកតា ។

    លោកប្រធានមន្ទីរបានឲ្យដឹងទៀតថា ចំពោះតម្លៃស្រូវនៅក្នុងសប្តាហ៍នេះ សម្រាប់ស្រូវចម្រុះសើម ជាមធ្យម៨៥០រៀល ក្នុង១គីឡូក្រាម ទាបជាងឆ្នាំ២០២១ ចំនួន៤០រៀល ក្នុង១គីឡូក្រាម, ស្រូវក្រអូបសើមតម្លៃ ១ ០០០រៀល ក្នុង១គីឡូក្រាម ទាបជាងឆ្នាំ២០២១ចំនួន៨០រៀល ក្នុង១គីឡូក្រាម ។

    លោកងិន ហ៊ុន បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានជ្រុញឲ្យកសិករបង្កើនការចិញ្ចឹមសត្វនិងដាំដំណាំរួមផ្សំ ព្រមទាំងបន្លែបង្ការផ្សេងៗទៀត ដើម្បីបង្កើនប្រាក់ចំណូលលើកកម្ពស់ជីវភាពក្នុងគ្រួសារ ដោយមន្ទីរបានផ្តល់ពូជនិងជួយបណ្តុះបណ្តាលអំពីបច្ចេកទេស ក្នុងការដាំដុះផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង