ក្រុងកំពង់ឆ្នាំង បានប្រកាសជាក្រុងបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល ដោយបានប្រារព្ធពិធីប្រកាសទទួលស្គាល់ ជាផ្លូវការនៅបរិវេណសួនច្បារសម្តេចចៅហ្វាវាំង គង់ សំអុល កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង និងក្រុងកំពង់ឆ្នាំង ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។ ទាំងនេះជាមោទនភាពចំពោះសមិទ្ធផលដ៏ត្រចះត្រចង់នៅក្នុងវិស័យអភិវឌ្ឍន៍ជនបទជាពិសេស នៅក្នុងផ្នែកអនាម័យជនបទនៅក្នុងខេត្តនីមួយៗ ដែលឆ្លងកាត់នូវការវាយតម្លៃដោយផ្អែកលើនីតិវិធី និងលក្ខណៈវិនិច្ឆ័យ ច្បាស់លាស់ ម៉ត់ចត់ពីគណៈកម្មការថ្នាក់ជាតិ ទទួលស្គាល់ជាផ្លូវការជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសកម្ពុជា ដែលបានសម្រេចការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនៅពេលនេះ។
ឯកឧត្តម បានបន្តថា លទ្ធផលដ៏ល្អប្រសើរនេះ មិនត្រឹមតែបង្ហាញឱ្យឃើញការរីកចម្រើនផ្នត់គំនិតរបស់ប្រជាពលរដ្ឋពាក់ព័ន្ធ នឹងបញ្ហាសុខភាព និងអនាម័យប៉ុណ្ណោះទេ ប៉ុន្តែបានឆ្លុះបញ្ចាំងពីការអភិវឌ្ឍ និងជីវភាពល្អប្រសើររបស់ ប្រជាពលរដ្ឋនៅ ក្នុង មូលដ្ឋាន ដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមវិភាគទាន និងម្ចាស់ការក្នុងការសាងសង់បង្គន់អនាម័យប្រើប្រាស់នៅ តាមខ្នងផ្ទះ និងសហគមន៍ផងដែរ ។
ជាមួយគ្នានេះ នាយកអង្គការវ៉តធើអេតប្រចាំកម្ពុជា លោក ឆាត់ សុភាព បានបញ្ជាក់ថា ដោយសារការតាំង ចិត្តខ្ពស់ពីថ្នាក់ ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទ ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំស្រុក ព្រមទាំងការ សហប្រតិបត្តការល្អរវាងក្រុមការងារខេត្ត ស្រុក អង្គការដៃគូរ ទាំងអស់ដែលមានសកម្មភាពក្នុងខេត្តនាំឲ្យ សម្រេចបាននូវ គោលដៅដ៏ធំធេងនេះ។
លោក ឆាត់ សុភាព ក៏កត់សម្គាល់ដែរថា ការសម្រេចបាននូវ លទ្ធផលនាពេលនេះ គឺដោយសារមាន ផែនការច្បាស់លាស់ មានក្រុមការងារដឹកនាំ សម្របសម្រួល និងការសហការគ្នានៅក្នុងវិស័យ ការគ្រប់គ្រងទិន្នន័យត្រឹមត្រូវ និងការចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក។ជាពិសេសការរួមចំណែកយ៉ាងមហិមា ពីថ្នាក់ដឹកនាំជាស្រ្តីទាំងថ្នាក់ ក្រុង/ស្រុក សង្កាត់ និង ភូមិ។ នេះគឺជាសមិទ្ឋិផលធំធេងមួយ ដែលខេត្ត និងក្រុងសម្រេចបាន ហើយក៏ជាផែនទីបង្ហាញផ្លូវ សម្រាប់ស្រុក៧ផ្សេងទៀតដែលជិតឈានដល់ODF ដើម្បីឈានទៅសម្រេច បានការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលទូទំាងខេត្តក្នុងឆ្នាំ២០២៣ ដែលបានគ្រោងទុក ។

គួរបញ្ជាក់ថា ក្រុងកំពង់ឆ្នាំងមានសង្កាត់ចំនួន ៤សង្កាត់ ស្មើនឹង ២៦ភូមិ មានប្រជាពលរដ្ឋសរុបចំនួនជាង៤ម៉ឺននាក់ មានខ្នងផ្ទះចំនួន ៨៣០០។មនៅចុងឆ្នាំ២០២០ ក្រុងកំពង់ឆ្នាំង ត្រូវបានអង្គការវ៉តធើអេតជ្រើសរើសជាតំបន់គោលដៅ ដើម្បីអនុវត្តកម្មវិធី ផ្គត់ផ្គង់ ការសំអាត និងអនាម័យជនបទ។
ក្នុងពេលចាប់ផ្តើមការអនុវត្ដដំបូង ប្រជាពលរដ្ឋមានប្រភពទឹកប្រើប្រាស់ចំនួន១០០ភាគរយ ក្នុងនោះប្រជាពលរដ្ឋប្រើប្រាស់ទឹកស្អាតចំនួន ៨៧.៤ភាគរយ ចំណែកអត្រាប្រជាពលរដ្ឋមានបង្គន់អនាម័យ ប្រើប្រាស់ចំនួន ៨៩ភាគរយ និង អត្រាប្រជាពលរដ្ឋទម្លាប់លាងដៃជាមួយសាប៊ូ ចំនួន ៩១ភាគរយ។ តាមរយៈការចូលរួម របស់អាជ្ញាធរក្រុង អាជ្ញាធរសង្កាត់ មេភូមិ ប្រជាពលរដ្ឋ និងអង្គការដៃគូពាក់ពន័្ធបានធ្វើឲ្យអត្រាអនាម័យបានកើនពី ៨៩ភាគរយ មក១០០ភាគរយនៅទូទាំងក្រុងកំពង់ឆ្នាំង ៕













