កំពង់ឆ្នាំង ៖ថវិកាចំនួន១៧១ ២០០ ម៉ឺនដូល្លាជាការចូលរួមរបស់សប្បុរសជន ជូនដល់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំងក្នុងទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ខួបលើកទី ១៦០ ដែលបានប្រារព្ធធ្វើក្រោមប្រធានបទ« រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម » នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ។

ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានកិត្តិយស នៃគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍បញ្ជាក់ថា ដើម្បីលើកកំពស់ការយល់ដឹងឲ្យកាន់តែស៊ីជំរៅក្នុងស្រទាប់ប្រជាជន និង មហាជន សាខា អនុសាខាត្រូវអនុវត្តឲ្យបានទូលំទូលាយបន្ថែមទៀតនូវគោលការណ៍គ្រឹះទាំង៧ចំណុច របស់ចលនាកាកបាទក្រហមគឺ ភាពមនុស្សធម៌ត ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គចិត្ត ឯកភាព និងសកលភាព ។

ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានសំណូមពរដល់គ្រប់ស្ថាប័ន សហគមន៍ សប្បុរសជន សូមបន្តធ្វើការងាររួមគ្នាក្នុងភាពជាដៃគូ ឲ្យបានខ្លាំងក្លាប្រកបដោយប្រសិទ្ធភាព ស្របតាមទិសស្លោក ( ធ្វើសកម្មភាពឲ្យបានកាន់តែច្រើនជាងមុន ឲ្យបានកាន់តែល្អជាងមុន និងកាន់តែស៊ីជម្រៅជាងមុន និងទៅឲ្យបានកាន់តែឆ្ងាយជាងមុន ទៅតាមសភាពជាក់ស្តែងនៅតាមមូលដ្ឋានរបស់ខ្លន។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ទិវាពិពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហមឆ្នាំនេះ ទទួលបានថវិកា ចំនួន ១៧១ ២០០ ដូល្លា ។ ឯកឧត្តមបញ្ជាក់ថា កន្លងមកមន្រ្តីគណៈកម្មាធិការសាខា បានចុះធ្វើសកម្មភាព ជួយដល់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងប្រជាពលជួបការលំបាក និងជួបគ្រោះមហន្តរាយផ្សេងៗ បានទាន់ពេលវេលា ដើម្បីជួយសម្រួលការលំបាកជូនប្រជាពលរដ្ឋ ៕






