ឯក​ឧត្តម​ បណ្ឌិត​ សឹង​ សំណាង​ ចុះ​ពិនិត្យ​ផល​ប៉ះ​ពាល់​របស់​ប្រជា​ពល​រដ្ឋ ​ដោយ​សារ​ទឹក​ជំនន់​នៅ​ស្រុក​កំពង់​លែង​

  • កំពង់ឆ្នាំង ៖ លោកបណ្ឌិត សឹង សំណាង គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុកកំពង់លែង បានដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានឃុំច្រណូក ឃុំត្រងិល ឃុំកំពង់ហៅ ឃុំដារ និង ឃុំផ្លូវទូក រួមជាមួយសមាជិកគណបក្សខេត្តកំពង់ឆ្នាំង គណបក្សស្រុកកំពង់លែង និង គណបក្សឃុំ បានចុះពិនិត្យស្ថានភាពទឹកជំនន់ កំពុង​ជន់លិចតាមបណ្តាភូមិនានា ក្នុងស្រុកកំពង់លែង និងសម្រេចជួយដោះស្រាយថវិកាជូនបណ្តាឃុំចំនួន៥ ខាងលើ ដែលកំពុងប្រឈមការខ្វះខាតការលើចំណាយថវិកាក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងមកនេះ ។

    ក្នុងឱកាសនោះឯកឧត្តម បណ្ឌិត សឹង សំណាង បានស្តាប់យ៉ាងយកចិត្តទុកដាក់ នូវរបាយការណ៍របស់លោក សំ ចាន់ថន លេខាគណបក្សស្រុកកំពង់លែង ស្តីពីស្ថានភាពទឹកជំនន់ ដែលបង្កឱ្យលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ៤៨៧ខ្នង ក្នុងឃុំចំនួន៦ ស្មើនឹង ១៨ភូមិ។ ក្នុងនោះមាន ១២៩គ្រួសារ ត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ ដោយឡែកដីស្រែចំការ បានខូចខាតដំណាំស្រូវចំនួន ៨៧ហិកតា និងកំពុងបន្ត​ខូចខាតក្នុងពេលបច្ចុប្បន្នទឹកនៅបន្តឡើងនៅឡើយ។

    ស្ថិតក្នុងកាល:ទេស:បែបនេះ អាជ្ញាធរដែនដី បានប្រមូលកម្លាំងសរុបចុះជួយ និងនាំយកអំណោយកាកបាទក្រហមកម្ពុជាទៅចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះជាបន្តបន្ទាប់។

    ឯកឧត្តម បណ្ឌិត សឹង សំណាងបានណែនាំអាជ្ញាធរយកចិត្តទុកដាក់តាមដានប្រជាពលរដ្ឋដែលងាយរងគ្រោះដោយសារទឹកជំនន់។ ឯកឧត្តមបណ្ឌិត ថ្លែងថា ឯកឧត្តមយល់ច្បាស់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ និង​​បានផ្តល់អង្ករចំនួន ២តោនសម្រាប់ចែកជូនជនរងគ្រោះ។

    ឯកឧត្តមបណ្ឌិត សឹង សំណាង ក៏បានជួយដោះស្រាយថវិកាចំនួន ១៧,៦៥០,០០០រៀល ដើម្បីជួយដល់ក្រុមប្រឹក្សាឃុំចំនួន៥ យកទៅដោះស្រាយបញ្ហាផ្សេងៗផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង