កំពង់ឆ្នាំង ៖ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានផ្តល់អានុសាសន៍ អាទិភាព ៣ចំណុចដល់មន្ត្រីក្រោមឧិវាទ ដើម្បីពង្រឹងសក្តានុពលបរិស្ថាន ។

ឯកឧត្តម រដ្ឋមន្ត្រី បានផ្តល់អានុសាសន៍ ដល់មន្ត្រីបែបនេះ នៅក្នុងឧិកាសអញ្ជើញជួបសំណេះសំណាលជាមួយ មន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍ នៅតំបន់ការពារធម្មជាតិ ទឹកធ្លាក់ស្រែអំពិល ស្ថិតនៅក្នុងឃុំក្តុលសែនជ័យស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តម រដ្ឋមន្រី បានមានប្រសាសន៍ថា ដើម្បីពង្រឹងសក្តានុពលបរិស្ថាន ត្រូវយកចិត្តទុកដាក់អនុវត្តន៍ការងារសំខាន់៣៖ ១. ការគ្រប់គ្រងប្លាស្ទិក ចូលរួមចំណែកថែរក្សាបរិស្ថាន នៅតាមបណ្តាសាលារៀន តំបន់រមណីយដ្ឋាន និងទីសារណៈសំខាន់មួយចំនួននៅក្នុងខេត្តកំពង់ឆ្នាំង ។
២. ការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ឲ្យកាន់តែមានលក្ខណៈល្អប្រសើរ និងប្រែក្លាយតំបន់ទេសចរណ៍នៅក្នុងខេត្តឲ្យទៅជារបៀងទេសចរណ៍កាន់តែមានភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍មកកាន់តំបន់រមណីយដ្ឋាននៅក្នុងខេត្តកាន់តែច្រើន និងមានភាពប្រទាក់ក្រឡាគ្នាទៅវីញទៅមក ។
៣. កត្តាផ្សពផ្សាយនូវសក្តានុពល បរិស្ថានទៅលើឆាកអន្តរជាតិនូវសមិទ្ធផលទាំងឡាយ តាមរយៈអ្នកចូលរួម ដែលនឹងប្រែក្លាយពីអ្នកចូលរួមទៅជាអ្នកដឹកនាំលើវិស័យបរិស្ថាន ដើម្បីបង្ហាញអន្តរជាតិអំពីស្នាដៃ និងសមិទ្ធិផលដែលយើងបានធ្វើកន្លងមក ជួយឲ្យយើងអាចរកចំណូលបាន តាមរយៈប្រទេសដែលមានអព្យាក្រឹត្យកាបោននៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ជកោណរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នេះ ។

ជាមួយគ្នានេះ ការដាំដុះ និងស្តារព្រៃឡើងវិញ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឲ្យមន្ទីរបរិស្ថានត្រូវរៀបចំថ្នាលបណ្តុះកូនឈើ និងបណ្តុះកូនឈើឱ្យបាន១ឆ្នាំ ១០ម៉ឺនដើម សម្រាប់ចែកជូនដល់សាធារណៈជន ។ ការអនុវត្តន៍បែបនេះ គឺជាភាពវៃឆ្លាតក្នុងការបំពេញការងារខណៈមន្ទីរយើងមានគ្នាតិច ហើយចង់សម្រេចបានលទ្ធផលធំ និងលឿនរហ័ស គឺត្រូវជំរុញឱ្យប្រជាពលរដ្ឋជួយ និងសហការជាមួយមន្ទីរ ទើបការងារទទួលបានលទ្ធផលល្អ ហើយជាការចាំបាច់ណាស់ ដែលមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងទាំងអស់ ត្រូវធ្វើការដោយមានការទទួលខុសត្រូវ មានការតាមដានការងារជាប្រចាំ និងធ្វើការដោយប្រាកដនិយម ដើម្បីរួមគ្នាសម្រេចបាននូវជោគជ័យរបស់យើងទាំងអស់គ្នា ក្នុងការចូលរួមចំណែកថែរក្សានូវបរិស្ថាននៅក្នុងតំបន់ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ស្រែអំពិល ជាតំបន់ទេសចរណ៍មួយ ជាទីចាប់អារម្មណ៍របស់អ្នកទេសចរណ៍ ក្នុងពេលសម្រាកពីការងារ ជាពិសេសថ្ងៃឈប់សម្រាកបុណ្យជាតិនិងថ្ងៃឈប់សម្រាកចុងសប្តាហ៍ ។

រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ស្រែអំពិល មានចម្ងាយប្រមាណ៥៨គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ឆ្នាំង ស្ថិតក្នុងភូមិក្តុលសែនជ័យ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ៕


