មូលនិធិ« អ៉ឹង ហ្វោនដេហ្ស៉ិន» ផ្តល់ម៉ាស៊ីនលាងឈាមនិងបរិក្ខារពេទ្យតម្លៃជិត២០ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ មូលនិធិ« អ៉ឹង ហ្វោនដេហ្ស៉ិន» ផ្តល់បរិក្ខារពេទ្យ រួមមានម៉ាស៊ីនលាងឈាមផងដែរ តម្លៃជិត ២០ម៉ឺនដុល្លារ សម្រាប់លើកកម្ពស់ការផ្តល់សេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ឱ្យកាន់តែល្អប្រសើរ ។

ពិធីប្រគល់បរិក្ខារទាំងនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ  ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង, លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង និង ករុណាសីលវិសុទ្ធិ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ចាយ គង់, ឧកញ៉ា អ៉ឹង ប៊ុនហ៊ូវនិងលោកស្រីហេងសុខា និងក្រុមគ្រួសារ ព្រមទាំង លោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង មន្ត្រីសុខាភិបាល វេជ្ជបណ្ឌិត លោកគ្រូ អ្នកគ្រូពេទ្យ និងប្រជាពលរដ្ឋ សរុបប្រមាណ ៣០០នាក់។

បរិក្ខារពេទ្យដែលបំពាក់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង រួមមាន ៖ ម៉ាស៊ីនលាងឈាមចំនួន០២គ្រឿង ជាប្រភេទម៉ាស៊ីនបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយ ផលិតនៅប្រទេសអាឡឺម៉ង់, ម៉ាស៊ីនអេកូចំនួន ០១គ្រឿងផលិតនៅសហរដ្ឋអាមេរិក ដែលមានសមត្ថភាពខ្ពស់សម្រាប់អេកូផ្ទៃពោះ និងបេះដូង, ម៉ាស៊ីនបន្សុទ្ធទឹកចំនួន ០១គ្រឿង និងជួសជុលអគារលាងឈាមមានបំពាក់ ប្រព័ន្ធអុកស៊ីសែន ម៉ាស៊ីនត្រជាក់ បណ្ដាញអគ្គិសនី និងម៉ាស៊ីន UV សម្លាប់មេរោគផងដែរ សរុបជាថវិកាជិត ២០ម៉ឺនដុល្លារអាមេរិក ។

ឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ប្រធានមូលនិធិ «អ៉ឹង ហ្វោនដេហ្ស៉ិន» បានបញ្ជាក់ថា ការផ្តល់បរិក្ខារពេទ្យដូចរៀបរាប់ខាងលើនេះ ដោយឃើញថា បរិក្ខារទាំងនេះជាតម្រូវការចាំបាច់ក្នុងការប្រើប្រាស់សម្រាប់សង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង និងខេត្តជាប់គ្នានេះ ដែលមានជំងឺទឹកនោមផ្អែម ហើយត្រូវការលាងឈាម ។

ឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ បន្តថា កន្លងមកពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ដែលត្រូវការលាងឈាម គឺត្រូវទៅរាជធានីភ្នំពេញ ដែលត្រូវចំណាយពេលវេលាយូរ និងថវិកាច្រើន។ ម្យ៉ាងវិញទៀត នៅមន្ទីរពេទ្យបង្អែកនេះ ក៏មានវេជ្ជបណ្ឌិតជំនាញផ្នែកលាងឈាម ក្នុងមន្ទីរពេទ្យស្រាប់ដែលគាត់បានសិក្សាមកពីប្រទេសក្រៅ។

ប្រធានមូលនិធិ «អ៉ឹង ហ្វោនដេហ្ស៉ិន» បានកោតសរសើរចំពោះក្រុមវេជ្ជបណ្ឌិត ដែលបានយកចិត្តទុកដាក់លើសុខុមាលភាពប្រជាពលរដ្ឋខិតខំព្យាបាលជំងឺប្រកបដោយគុណភាពនិងក្រមសីលធម៌។ ជាពិសេសលោកបានលើកទឹកចិត្តឱ្យក្រុមវេជ្ជបណ្ឌិត បន្តជួយផ្ដល់សេវាលាងឈាមដល់ប្រជាពលរដ្ឋ ដែលនៅខេត្តជាប់នោះ រួមមានខេត្តកំពង់ធំ ខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺជាដើម។ ខេត្តទាំងនោះ ពុំមានម៉ាស៊ីនលាងឈាមនៅឡើយ។

ឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ បានគូសបញ្ជាក់ថា នឹងបន្តឧបត្ថម្ភបរិក្ខារទាំងនេះបន្ថែមទៀត ករណីមានតម្រូវការកើនឡើង។

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានសម្ដែងនូវការអបអរសាទរនូវសមិទ្ធិផលថ្មី គឺអគារថ្មី គ្រឿងបរិក្ខាថ្មីៗ នៃសេវាលាងឈាម ដែលទើបទទួលបានពីមូលនិធិ «អ៉ឹង ហ្វោនដេហ្ស៉ិន ដើម្បីព្យាបាល និងសង្គ្រោះអ្នកជំងឺដែលត្រូវការចាំបាច់បំផុត។ មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង មានអ្នកជំងឺមកសម្រាកព្យាបាលជាង ៣,៣០០នាក់ក្នុងមួយខែ។ ក្នុងនោះមាន ៧០០ ទៅ ៨០០នាក់ ជាអ្នកជំងឺទឹកនោមផ្អែម។

ឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ និងក្រុមគ្រួសារ ជាសប្បុរសជនដែលតែងតែជួយដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ ឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ និងក្រុមគ្រួសារ បានជួយសាងសង់អគារនៅមន្ទីរពេទ្យនេះមុនគេ កាលពីឆ្នាំ ១៩៩៨ ដែលពេលនោះ មន្ទីរពេទ្យមានការលំបាកខ្លាំង និងបន្តជួយសាងសង់អគារសម្ភព ១ខ្នងទៀត នៅឆ្នាំ២០០១។

លោកប្រធានមន្ទីរ បានគូសបញ្ជាក់ថា អំណោយនេះ គឺមានសារៈសំខាន់សម្រាប់ វិស័យសុខាភិបាលខេត្តកំពង់ឆ្នាំង ដែលខេត្តជាប់នេះនៅពុំទាន់មាននៅឡើយ ហើយជាមោទនភាពណាស់ដែលខេត្តកំពង់ឆ្នាំង មានលទ្ធភាពផ្ដល់សេវាលាងឈាម។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានសម្ដែងនូវការអរគុណចំពោះសកម្មភាពមនុស្សធម៌ របស់ឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ និងក្រុមគ្រួសារ ដែលតែគិតគូរដល់សុខមាលភាព របស់ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង ជាពិសេសនៅអំឡុងពេលឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ដោយបានឧបត្ថម្ភជាបន្តបន្ទាប់នូវ ម៉ាស អាកុល ទឹកសុទ្ធ និងភេសជ្ជៈជាដើម។

ក្នុងពិធីនោះ លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានពាំនាំនូវការថ្លែងកោត សរសើរអស់ពីដួងចិត្ត ពីសំណាក់លោកអភិបាលខេត្ត ជូនចំពោះឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ប្រធានមូលនិធិ «អ៉ឹង ហ្វោនដេហ្ស៉ិន» និងក្រុមគ្រួសារដែលយកចិត្តទុកដាក់ជួយ ឧបត្ថម្ភគាំទ្រស្ទើរគ្រប់វិស័យនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង និងខេត្តដទៃទៀត។ ជាពិសេសលើវិស័យសុខាភិបាល អប់រំ វប្បធម៌ បរិស្ថាន សាសនា និងការជួយដល់ប្រជាពលរដ្ឋដែលមានទុក្ខលំបាកជាដើម។

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង