កំពង់ឆ្នាំង៖ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវបិទបញ្ចប់នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នេះ ។
ពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ១៩ ជុំទី១នេះ ធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណ:កម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និង មានការអញ្ជើញចូលរួមពីឯកឧត្តមឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ។

ឯកឧត្តម ស៊ុន សុវណ្ណារិទិ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍បញ្ជាក់ថា នៅខេត្តកំពង់ឆ្នាំង ទទួលបានវ៉ាក់សំាងបង្ការជំងឺកូវីដ១៩ ជាង១លាន៦៦ពាន់ដូស ទីតាំងចាក់វ៉ាក់សាំងមានចំនួន៣៦ ទីតាំង ដោយបានចាប់ផ្តើមបើកដំណើរការចាក់វ៉ាក់សាំងកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ។ ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងមាន ៣២៧២៣០នាក់ ប្រជាពលរដ្ឋដែលទទួលបានការចាក់វ៉ាក់សាំងលើកទី១ បាន៩៨ភាគរយ និង លើកទី២ បាន៩១,៣៧ភាគរយ ។ នៅទូទាំងខេត្តកំពង់ឆ្នាំង អត្រាចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ១៩ បានសរុបគោលដៅនៅទូទាំងខេត្ត ក្នុងចំណោម ប្រជាជនមានចំនួន៤៥៨ ២២៦នាក់ មានអត្រាគ្របណ្តប់ចាក់វ៉ាក់សាំងលើកទី១បាន ៤៣៩ ៤១១នាក់ស្មើនិង៩៥ភាគរយ ។ និង ចាក់លើកទី២បានចំនួន៣៥៤៣៧៧នាក់ ស្មើនិង៧៧,៣៤ភាគរយ ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា ទោះបីរដ្ឋបាលខេត្ត និងក្រសួងសុខាភិបាលបានធ្វើពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងជុំទី១ នាពេលនេះក៏ពិតមែន ប៉ុន្តែរដ្ឋបាលខេត្ត នៅតែបន្តចាក់វ៉ាក់សាំងលើគោលដៅដែលនៅសេសសល់មួយចំនួនទៀតផងដែរ ចំពោះពលរដ្ឋដែលពុំទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះលទ្ធផលដំណើរការចាក់វ៉ាក់សាំងនាពេលកន្លងមក មានការខិតខំប្រឹកប្រែងយកចិត្តទុកដាក់ និង សហការការគ្នាកបានល្អ ធ្វើឱ្យដំណើរការចាក់វ៉ាក់សាំង ប្រព្រឹត្តិដោយរលូន ។

លោកជំទាវ បានមានប្រសាសន៍បញ្ជាក់ទៀតថា ការចាក់វ៉ាក់សាំងអាចជួយបាននូវការកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺ ការចូលសម្រាកមន្ទីរពេទ្យ និងកាត់បន្ថយអត្រាមរណភាពផងដែរ ។ ទោះបីជាបានទទួលការចាក់វ៉ាក់សាំងក៏ដោយក៏ត្រូវតែអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការរបស់ក្រសួងសុខាភិបាលជាពិសេស គឺវិធានការ ៣កុំ និង ៣ការពារ ។

គូរបញ្ជាក់ថា ខេត្តកំពង់ឆ្នាំង គឺជាខេត្តទី២២ ក្នុងចំណោមខេត្តទាំង២៥ រាជធានី ខេត្តដែលបានបិទបញ្ចប់យុទ្ធនាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាប់ពីអាយុ១៨ឆ្នាំឡើង ៕











