កំពង់ឆ្នាំង ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿងសកុណា បានស្នើឲ្យមន្ត្រីជំនាញរបស់ក្រសួងសិក្សា វាយតម្លៃ និងលើកគម្រោង ជួសជុលព្រះវិហារ និងគំនូរបុរាណ ក្នុងវត្តកំពង់ត្រឡាចលើ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឲ្យមានលក្ខណៈល្អប្រសើឡើងវិញ ដើម្បីថែរក្សាកេរ្តិតំណែល និងស្នាដៃជាប្រវត្តិសាស្ត្ររបស់ដូនតាសម្រាប់យុវជនជំនាន់ក្រោយ បានសិក្សាស្វែងយល់ ។

លោកជំទាវ បណ្ឌិត សភាចារ្យ រដ្ឋមន្ត្រីបានស្នើទៅកាន់មន្ត្រីជំនាញបែបនេះ ក្នុងឧិកាសដែលលោកជំទាវ អញ្ជើញចុះពិនិត្យមើលព្រះវិហារនិងគំនូរបុរាណ នៅវត្តពោធិរុក្ខារាម ហៅវត្តកំពង់ត្រឡាចលើ ក្នុងឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ។

លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា ក៏បានស្នើឲ្យព្រះសង្ឃ គណកម្មការ និងពុទ្ធបរិស័ទ្ទជិតឆ្ងាយ សូមចូលរួមថែរក្សាសំណង់ និងគំនូរបុរាណ ក្នុងទីអារាមនេះ ឲ្យបានគង់វង្សយូរអង្វែងតរៀងទៅ ។

នៅក្នុងថ្ងៃដដែលនេះ លោកជំទាវ បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី បានបន្តដំណើរមកពិនិត្យមើលអគារចំណាស់មួយ ដែលកសាងឡើងក្នុងសម័យបារាំង ស្ថិតក្នុងបរិវេណសាលាខេត្តកំពង់ឆ្នាំង ។

ចំពោះអគារនេះ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា បានស្នើទៅ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឲ្យសិក្សាពីលទ្ធភាពថវិកា ក្នុងការជួសជុល និងត្រូវបង្កើតគណៈកម្មការ ដែលមានសមាសភាពជាមន្ត្រីជំនាញមកពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីធ្វើការជួសជុល អភិរក្សសំណង់នេះ ឲ្យមានភាពល្អឡើងវិញ ៕
