កំពង់ឆ្នាំង ៖យោងតាមតារាងលទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់មន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ខេត្តកំពង់ឆ្នាំង មានបេក្ខជនមកប្រឡង ចំនួន៤ ១៦៣នាក់ ប្រឡងជាប់ ចំនួន៣ ៤៦៨នាក់ ស្រីចំនួន ២១៦៩នាក់ ស្មើនឹង ៨៣,៣១ភាគរយ ។

ក្នុងនោះនិទ្ទេសAចំនួន៤៥នាក់ ស្រី ២៧នាក់ ,និទ្ទេសB ចំនួន២៥១ នាក់ស្រី១៦១នាក់,និទ្ទេសCចំនួន៧៨៣នាក់ ស្រី៥១២នាក់ ,និទ្ទេសD ចំនួន១ ៤៦៨នាក់ ស្រី៩៥២នាក់ និងនិទ្ទេស E ចំនួន១ ២៣៤នាក់ ស្រី៧០២នាក់ ។
នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញបើកកញ្ចប់លទ្ធផលប្រឡង មុននិងបញ្ជូនទៅបិទផ្សាយនៅតាមមណ្ឌលនិមួយៗ ។

លោក សុិម ប្រឹម ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា លទ្ធផលឆ្នាំនេះ អាត្រាសិស្សជាប់កើនឡើង ៨,៤ ភាគរយប៉ុន្តែនិទ្ទេស A ថយចុះចំនួន៣នាក់ ដែលឆ្នាំមុនខេត្តកំពង់ឆ្នាំង មានសិស្សជាប់និទ្ទេស A ចំនួន៤៨ នាក់ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានចូលរួមអបអរសាទរ ជាមួយនឹងក្មួយៗដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ព្រមទាំងកោតសរសើរដល់ក្មួយៗ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបាននិទ្ទេស A ដែលនាំមកនូវកេរ្តិ៍ឈ្មោះ កិត្តិយសសម្រាប់ខ្លួនឯងផ្ទាល់ ក្រុមគ្រួសារ សាលារៀន ក៏ដូចជាខេត្តកំពង់ឆ្នាំងផងដែរ ៕


