ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទីថ្ងៃចន្ទ ៧ កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ លោក អម សុភា ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង លោកស្រី ប៊ន សុភី អនុប្រធានគណ:កម្មាធិការសាខា រួមនឹងមន្ត្រីគណៈកម្មាធិការសាខា អនុសាខាស្រុកបរិបូណ៌ បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខពលករ ដែលទើបវិលត្រឡប់មកពីប្រទេសថៃចំនួន១០នាក់ដែលមានទីលំនៅ ក្នុងភូមិកណ្ដាល ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ។

ក្នុងឱកាសនោះ លោកអម សុភា និង លោកស្រីប៊ន សុភី បានណែនាំអោយគាត់ដាក់ខ្លួនអោយនៅដាច់ដោយឡែកពីបងប្អូន ញាតិមិត្ត និង មិនត្រូវដើរចេញរហេតរហូតរយៈពេល១៤ថ្ងៃ ដើម្បីតាមដានអាការៈនៃជំងឺកូវីត១៩ ព្រមទាំងបានអប់រំណែនាំ អំពីរបៀបថែទាំសុខភាព ក៏ដូចជាការលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬទឹកជែលលាងដៃ ពាក់ម៉ាស និងការបរិភោគអាហារដែលចម្អិនបានល្អ ការក្អកឬកណ្តាស ត្រូវខ្ទប់មាត់ ច្រមុះនិងក្រដាស ក្រមា កែងដៃ តាមការណែនាំអោយបានត្រឹមត្រូវរបស់ក្រសួងសុខាភិបាល ដើម្បីចៀសវាងការឆ្លងរាលដាលជំងឺកូវីត១៩ ៕