រដ្ឋមន្ត្រីប្រាប់ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ឲ្យចុះអន្តរាគមន៍ចែកពូជស្រូវ ដើម្បីស្តារផលិតកម្មស្រូវឡើងវិញ

  • កំពង់ឆ្នាំង ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ឯកឧត្តមវេង សាខុន នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានអញ្ជើញចុះទៅពិនិត្យមើលស្ថានភាពផលប៉ះពាល់ដំណាំស្រូវដោយសារទឹកជនន់ នៅក្នុងខេត្តកំពង់ឆ្នាំង ។ នៅក្នុងពេលនោះ ឯកឧត្តមរដ្ឋមន្ត្រី បានប្រាប់ឱ្យប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តលោកងិន ហ៊ុន ឲ្យប្រញាប់ចុះអន្តរាគមន៍ចែកពូជស្រូវ ដើម្បីស្តារផលិតកម្មស្រូវឡើងវិញ ។

    ឯកឧត្តមវេង សាខុន បានណែនាំឲ្យមន្ត្រីជំនាញត្រូវចុះពិនិត្យ និង វាយតម្លៃឲ្យបានច្បាស់និងទាន់ពេលវេលា ដើម្បីរៀបចំកម្មវិធីចុះអន្តរាគមន៍ ចែកពូជស្រូវជូនដល់គ្រួសារ ដែលរងគ្រោះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។

    លោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ទឹកជំនន់ឆ្នាំនេះ បានធ្វើឲ្យប៉ះពាល់ដល់ដំណាំស្រូវប្រមាណ១ ៣៨៣ហិកតានិងផ្ទៃដីដែលខូចខាតចំនួន៩២៨ហិកតា នៅក្នុង៥ស្រុកនិងក្រុងកំពង់ឆ្នាំងផងដែរ។

    លោកប្រធានមន្ទីរបានឲ្យដឹងទៀតថាបច្ចុប្បន្នមន្ទីរ កំពុងចុះស្រង់តួលេខចំនួនគ្រួសាររងគ្រោះ បន្ទាប់មករាយការណ៍ជូនក្រសួង និងលើកសំណើ សុំពូជស្រូវយកមកចែកចាយជូនពួកគាត់ ។

    សូមបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងកសិកម្ម កំពុងស្ថិតក្នុងបេសកកម្មរយៈពេល មួយសប្តាហ៍ ដើម្បីពិនិត្យផលប៉ះពាល់ដំណាំស្រូវដោយសារទឹកជំនន់នៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និង បន្ទាយមានជ័យផងដែរ ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង