មេបញ្ជាការ​កងទ័ព​ជើង​គោក បានអនុញ្ញា​តឱ្យគណៈប្រតិភូ​អង្គទ័ព​ទី៤ នៃ​កងទ័ពប្រជាជន​វៀតណាម ចូលជួប​សំណេះសំណាល​សម្តែងការគួរសម

  • នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យ លោកវរសេនីយ៍ឯក ឡេ អាញ់ទន់ មេបញ្ជាការរងអង្គទ័ពទី៤ នៃកងទ័ពប្រជាជនវៀតណាម និងប្រតិភូអមដំណើរ ចូលជួបសំណេះសំណាលសម្តែងការគួរសម និងជូនពរឆ្នាំថ្មី ក្នុងឱកាសនៃការខិតចូលមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

    ក្នុងជំនួបនេះ មេបញ្ជាការរងអង្គទ័ពទី៤ បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងបានកោតសរសើរអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍប្រទេស រហូតមានការការរីកចម្រើនយ៉ាងឆាប់រហ័សដូចពេលបច្ចុប្បន្ន ដែលធ្វើឱ្យប្រជាជនកម្ពុជារស់នៅក្នុងភាពសុខសាន្តសប្បាយរីករាយ។

    ជាការឆ្លើយតប ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណចំពោះការចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមជូនពរឆ្នាំថ្មី នាឱកាសនេះ និងបានផ្តាំផ្ញើការសាកសួរសុខទុក្ខជូន ឯកឧត្តម មេបញ្ជាការអង្គទ័ពទី៤ នៃកងទ័ពប្រជាជនវៀតណាម ផងដែរ។

    គួរបញ្ជាក់ថា ជានិច្ចជាកាល កងឯកភាពទាំងពីរតែងបានយកចិត្តទុកដាក់លើកកម្ពស់ស្មារតីមិត្តភាព និងសាមគ្គីភាពទៅវិញទៅមក ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេស ប្រជាជន និងកងទ័ពកម្ពុជា-វៀតណាម ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង