កម្ពុជា​​​បន្ត​បញ្ជូនកងទ័ពមួកខៀវ ប្រមាណ៣០០នាក់ ទៅបំពេញបេសកកម្មមនុស្សធម៌ នៅប្រទេសម៉ាលី

  • ភ្នំពេញ ៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវរបស់ខ្លួនប្រមាណ៣០០នាក់ ក្នុងនោះមាននារី២៦នាក់ ចេញទៅបំពេញបេសកកម្មក្រោមឆ័ត្ររបស់អង្គការសហប្រជាតិ នៅប្រទេសម៉ាលី។កម្លាំងកងទ័ពមួកខៀវ ដែលបញ្ជូនទៅប្តូរវេននោះរួមមាន កងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះ EOD លេខ២៨៨ និងកងអនុសេនាធំវិស្វកម្មថែទាំព្រលានយន្តហោះលេខ៩២៧។ សម្រាប់កងកម្លាំងមួកខៀវ ដែលត្រូវចេញទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រ របស់ UN គឺជាកងទី៨ ហើយដែលកម្ពុជាបានបញ្ជូនទៅប្រទេសម៉ាលី។ពិធីជូនដំណើរកងទ័ពមួកខៀវកម្ពុជា បានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ព្រមទាំងថ្នាក់ដឹកនាំកងទ័ពមួកខៀវមួយចំនួន នៅព្រលានយន្តហោះ VIP។ប្រតិបត្តិការសន្តិភាព គឺជាគោលការណ៍សកល បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ តាមរយៈការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ប្រតិបត្តិការរួមគ្នា ក្នុងការជួយដល់បណ្តាប្រទេស ដែលរងការហែកហួរដោយសារភ្លើងសង្គ្រាម និងចូលរួមជាមួយសាមីប្រទេសក្នុងការស្តារនិតិសម្បទារសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ស្របតាមគោលការណ៍អង្គការសហប្រជាជាតិ ដើម្បីកសាងមាគ៌ាឆ្ពោះទៅកាន់ពិភពលោកមួយដែលមានសន្តិភាព និងវឌ្ឍនភាព។គិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ជាង៧ពាន់នាក់ ទៅបំពេញបេសកកម្ម មនុស្សធម៌ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល សាយប្រឺស និងយ៉េមែនជាដើម។ បច្ចុប្បន្នកម្ពុជាមានកម្លាំងកងទ័ពមួកខៀវជិត ៨០០នាក់ ក្នុងនោះមាននារីជិត៨០នាក់ បាននឹងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង