ឯក​ឧត្តម​ នាយ​ឧត្តម​សេនីយ៍​ មាស​ សុភា​ អញ្ជើញ​​បំពេញ​ទស្សន​កិច្ច​នៅ​វិទ្យា​ស្ថាន​បច្ចេក​ទេស​សកម្ម​ភាព​មីន​ ស្ថិត​ក្នុង​ខេត្ត​កំ​ពង់​ឆ្នាំង​

  • កំពង់ឆ្នាំង ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការមីន គ្រាប់មិនទាន់ផ្ទុះនិងការងារវិស្វកម្មកងយោធពលខេមរភូមិន្ទ បានអញ្ជើញបំពេញទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន ដែលមានទីតាំង ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង ។

    ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានធ្វើសេចក្តីរាយការណ៍ ឲ្យដឹងថា បច្ចុប្បន្នវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន របស់អង្គភាពស៊ីម៉ាក់ ( CMAC ) បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងហ្វឹកហ្វឺនជំនាញបច្ចេកទេស និងចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍ ក្នុងវិស័យសកម្មភាពបោសសំអាតមីន និង សំណល់យុទ្ធភណ្ឌសង្គ្រាម ទាំងក្នុងក្របខ័ណ្ឌជាតិនិងអន្ត​រជាតិជាពិសេសបណ្តាប្រទេស ដែលទទួលរងផលប៉ះពាល់ដោយសារគ្រាប់មីន និង សំណល់យុទ្ធភណ្ឌសង្គ្រាម ។

    ឯកឧត្តម ហេង រតនា បញ្ជាក់ថា សកម្មភាពហ្វឹកហ្វឺនទាំងនេះបានជួយពង្រឹងសមត្ថភាពមន្ត្រីជំនាញឲ្យបំពេញកិច្ចប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាព
    ដើម្បីរួមចំណែកក្នុងការអនុវត្ត អនុសញ្ញាអន្តរជាតិ អូតាវ៉ា និង ផែនការយុទ្ធសាស្ត្រជាតិរបស់រាជរដ្ឋាភិបាល ឆ្នាំ២០២៥ កម្ពុជាអស់ការគំរាមកំហែងដោយ​សារគ្រាប់មីន ក៏ដូចជាការឆ្លើយតបផែនការយុទ្ធសាស្ត្របន្តរបស់អង្គភាពស៊ីម៉ាក់ក្រោយ ឆ្នាំ២០២៥ ផងដែរ ។

    នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា បានអញ្ជើញពិនិត្យវឌ្ឍនភាពការងារ សកម្មភាពហ្វឹកហ្វឺនសុនខហិតមីន ,សុនខប្រឆាំងភេរវកម្ម, សុនខហិតរកវ៉ីរុសកូវីដ-១៩ និង សំណល់យុទ្ធភណ្ឌសង្គ្រាម ។

    ឯកឧត្តមទេសរដ្ឋមន្រ្តី បានកោតសរសើរចំពោះមន្រ្តីរបស់វិទ្យាស្ថានដែលមានជំនាញបច្ចេកទេសខ្ពស់ប្រកបដោយវិជ្ជាជីវៈផ្នែកហ្វឹកហ្វឺនសុនខហើយបានវាយតម្លៃខ្ពស់ដល់ការបំពាក់សម្ភារ:ឧបទេស រួមទាំងហេដ្ឋារចនាសម្ព័ន្ធរបស់វិទ្យាស្ថាន ដែលបង្ហាញអំពីសមត្ថភាព ឧត្តមភាព សោភណ្ឌភាព និងវិសាលភាពរបស់អង្គភាពស៊ីម៉ាក់៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង