កំពង់ឆ្នាំង ៖ លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានជម្រុញឲ្យមន្ត្រីពាក់ព័ន្ធ និងមន្ត្រីអាជ្ញាធរត្រូវចូលរួលឲ្យបានសកម្ម ក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិ លុបបំបាត់ជំងឺគ្រុនចាញ់ ដើម្បីឈានទៅដល់ការលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យអស់នៅក្នុងឆ្នាំ២០២៥ ។

លោកអភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រជម្រុញដល់មន្ត្រីបែបនេះនៅក្នុងកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ ឆ្នាំ២០២៣និងលើកទិសដៅសម្រាប់អនុវត្តបន្ត របស់ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត នាព្រឹកថ្ងៃទី២០ ខែមិនា ។

លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្ត្រីសុខាភិបាល និងមន្ត្រីក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ ដែលបានចូលរួមសហការធ្វើឲ្យស្ថានភាពជំងឺគ្រុនចាញ់នៅក្នុងខេត្តកំពង់ឆ្នាំង មានការថយចុះ ។

លោកវេជ្ជបណ្ឌិត លឹម លៀងងួន អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅក្នុងត្រីមាសទីមួយដើមឆ្នាំ២០២៣នេះ ស្ថានភាពជំងឺគ្រុនចាញ់ នៅក្នុងខេត្តកំពង់ឆ្នាំង មានការថយចុះ បើប្រៀបទៅនឹងរយះពេលដូចគ្នា កាលពីឆ្នាំ២០២២ ។

លោកវេជ្ជបណ្ឌិត បានឲ្យដឹងទៀតថា កន្លងទៅមន្ត្រីកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ មន្ទីរសុខាភិបាលខេត្តបានសហការជាមន្ត្រីពាក់ព័ន្ធ និងមន្ត្រីអាជ្ញាធរមូលដ្ឋានចុះធ្វើការអប់រំ ផ្សព្វផ្សាយ និងបានចែកមុងជ្រលក់ថ្នាំជូនដល់ប្រជាពលរដ្ឋដែលរស់នៅ តាមតំបន់ប្រឈមមួយចំនួន ធ្វើឲ្យប្រជាពដ្ឋមានការយល់ដឹង នឹងចូលរួមអនវត្ត ៕











