ប្រ​ជា​ពល​រដ្ឋ​៣៣៥​គ្រួ​សារ​ ស្ថិត​នៅ​តំ​បន់​បិទ​ខ្ទប់​ ឃុំ​សំ​រោង​សែន​ ស្រុក​កំ​ពង់​លែង​ បាន​ទទួល​អំ​ណោយ​ពី​រដ្ឋ​បាល​ ខេត្ត​កំ​ពង់​ឆ្នាំង​

  • កំពង់ឆ្នាំង ៖ អំណោយរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រាប់ចែកជូនប្រជាពលរដ្ឋក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ ១៩ ត្រូវបានឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នាំយកទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន៣៣៥គ្រួសារស្ថិតនៅតំបន់បិទខ្ទប់ ក្នុងឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម កែវ វណ្ណដេត ក្រុមការងាររាជរដ្ឋាភិបាលចុះស្រុកកំពង់លែង និង លោកចេង ចាន់ដូណា អភិបាលស្តីទីស្រុកកំពង់លែង ។

    លោក ចេង ចាន់ដូណា អភិបាលស្តីទីស្រុកកំពង់លែង បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ស្រុកកំពង់លែង បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ពាក់ព័ន្ធនិងព្រឹត្តិការណ២០កុម្ភៈសរុបចំនួន២០៣នាក់ កំពុងសម្រាកព្យាបាលចំនួន៣៧ ព្យាបាលជាសះស្បើយ១៥៦នាក់ និង មានករណីស្លាប់១១នាក់ ។


    លោក ចេង ចាន់ដូណា បានឲ្យដឹងទៀតថា កន្លងមកអាជ្ញាធរស្រុក បានធ្វើការបិទខ្ទប់ ភូមិសាស្ត្រឃុំប្រឡាយមាស និង នៅពេលនេះ កំពុងបិទខ្ទប់ ឃុំសំរោងសែន ទំាងមូល ក្រោយពីរកឃើញមានករណីវិជ្ជមានវីរុសកូវីដ១៩បំប្លែងថ្មី ប្រភេទ Delta ដោយមិនឱ្យមានការចេញចូលឆ្លងកាត់នៅក្នុងភូមិសាស្ត្រ នៃឃុំនេះឡើយ ។

    មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ការបិទខ្ទបក្នុងមូលដ្ឋាន ដែលមានការឆ្លងរាលដាល នៃជំងឺកូវិដ១៩ គឺដើម្បីទប់ស្កាត់កុំឲ្យមានការឆ្លងរាលដាលកាន់តែធំ ។ ហើយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានត្រូវស្តាប់តាមការណែនាំរបស់អាជ្ញាធរ ដោយត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមការណែនាំ របស់អាជ្ញាធរ ។

    ឯកឧត្តមអភិបាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលស្ថិតក្នុងភូមិសាស្រ្តបិទខ្ទប់នេះ សូមមានការយោគយល់អធ្យាស្រ័យ ចំពោះកាលៈទេសៈ ដែលតម្រូវឲ្យបងប្អូននៅមួយកន្លែងសិន ដើម្បីចៀសវាង និងកាត់ផ្តាច់ខ្សែចំលង នៃមេរោគ​កូវីដ១៩បំប្លែងថ្មី កុំអោយមានការឆ្លងរាលដាលបន្តទៅកន្លែងផ្សេងៗទៀត។ដូចនេះ សូមបងប្អូនចូលរួមអនុវត្តទាំងអស់គ្នា ទើបយើងអាចសម្រេចនិងបញ្ឈប់ការចម្លងបាន។

    សូមបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលស្ថិតនៅតំបន់បិទខ្ទប់ ក្នុងឃុំសំរោងសែន មានចំនួន៣៣៥គ្រួសារ បានទទួលអំណោយ ពីរដ្ឋបាលខេត្តកំពង់ឆ្នាំង ដោយក្នុង១គ្រួសារ ទទួលបសនអង្ករចំនួន២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ និង មី១កេស ។

    ក្នុងឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានចែកជូនថវិកាដល់បងប្អូនប្រជាការពារ និង កម្លាំងសមត្ថកិច្ច ដែលកំពុងឈរជើងការការនៅតំបន់បិទខ្ទប់នេះផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង