កំពង់ឆ្នាំង ៖ នៅក្នុងឳកាស នៃពិធីបុណ្យកាន់បិណ្ឌ ប្រពៃណីជាតិខ្មែរ លោកជំទាវ ប៊ន សុភី អភិបាលរង ខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ត្រីរាជការនៅក្នុងអង្គភាពចំនួន៥ ទៅចូលរួមកាន់បិណ្ឌវេនទី៩ នៅអាស្រមអរិយវង្ស គិរីសុក្ខារ៉ាម ស្ថិតក្នុងឃុំទួលខ្ពស់ ស្រុកទឹកផុស ។

ជួបសំណេះសំណាល ជាមួយប្រជាពុទ្ធិបរិស័ទ្ទ នាពេលនោះ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ ដោយលើកឡើងថា ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ ទើបប្រជាពុទ្ធិស័ទ្ទ មានឳកាសប្រតិបត្តិធម៌ ប្រារព្វពិធីបុណ្យទានដូចវេលានេះ និង បានប្រកបមុខរបរចិញ្ចឹមជីវិត ព្រមទាំងអភិវឌ្ឍន៍សង្គមជាតិឲ្យមានការ រីកចម្រើន ។

លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សូមបង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួល ជូនដល់បងប្អូនប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ នៅក្នុងកំឡុងពេលបុណ្យកាន់បណ្ឌិ និង ភ្ជុំបិណ្ឌនេះ ។

សូមបញ្ជាក់ថា ពិធីបុណ្យ ភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគនៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរយើងជាយូរមកហើយ។

ពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌឆ្នាំ២០២២នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១១ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ៕











