រដ្ឋ​បាល​ខេត្ត​កំពង់​ឆ្នាំង​ ប្រារព្ធ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម ​ព្រះ​ករុណា​ព្រះ​បាទ​​ សម្តេច​ព្រះ​បរម​នាថ​ ន​រោត្តម​ សីហ​មុនី​ ក្នុង​គម្រប់​ព្រះ​ជន្ម​៧០​យាង​ចូល​៧១​ព្រះ​វស្សា​

កំពង់ឆ្នាំង ៖ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្មវស្សា៧០ យាងចូល៧១ ព្រះវស្សា ត្រូវបានរដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងអភិបាល អភិបាលរង ក្រុង ស្រុកផងដែរ ។

ពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម៧០ យាងចូល៧១ព្រះវស្សា បានប្រារព្ធធ្វើតាមលំដាប់លំដោយក្បួនខ្នាត នៃព្រះពុទ្ធសាសនា ដោយបាននិមន្តព្រះសង្ឃសូត្រជ័យន្តោថ្វាយព្រះពរសិរីសួស្តី ថ្វាយព្រះពរដល់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៃព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងឧកាសនោះផងដែរ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត លោកឈិន សេងងួន អភិបាលរងខេត្ត និងឯកឧត្តម លោកជំទាវលោក លោកស្រី សមាជិក សមាជិការក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អភិបាល អភិបាលរងក្រុង ស្រុក បានថ្វាយក្ត្រកផ្កា ដើម្បីព្រះពរជ័យ សិរីមង្គល ដល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការះដ៏ខ្ពង់ខ្ពស់បំផុត ។


លោក ឈិន សេងងួន អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអានសាថ្វាយព្រះពរ ក្នុងឳកាសថ្ងៃចម្រើនព្រះជន្មវស្សាព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ត សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះជន្ម៧០ យាងចូល៧១ព្រះវស្សា ដោយគូសបញ្ជាក់ថា ទូលព្រះបង្គំខ្ញុំ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ឆ្នាំង មានសេចក្តីសោមនស្ស រីករាយជាទីបំផុត នៅក្នុងឳកាសដ៏សែននក្ខត្តឬទ្ធនិងថ្លៃថ្លាបំផុត នៃការប្រារព្វពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ត សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឳកាសនេះ ។

ក្នុងពិធីដ៏ឧត្តុង្គឧត្តម នៃមហាថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមធ្វើអភិវន្ទនកិច្ចថ្វាយព្រះពរ បវរមហាប្រសើរ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ និងសូមលើហត្ថទាំងទ្វេបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំង៣ ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយប្រោសប្រសិទ្ធិពរ បីបាច់រក្សា និងអភិបាលរក្សាព្រះអង្គ ជាទីគោរព សក្ការៈ សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញា ញ្ញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរ ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ ក្នុងព្រះនាមព្រះមហាក្សត្រជាតិខ្មែរ ជានិច្ចនិរន្ត តរៀងទៅ ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង