គំនរ​ខ្សា​ច់​​បាក់​​សង្កត់​​កម្មករ​​ម្នាក់​ស្លាប់ ក្នុងរ​ណ្តៅ​​ខ្សាច់ នៅស្រុក​​កំពង់​​លែង

  • កំពង់ឆ្នាំង ៖ កម្មករបូមខ្សាច់ម្នាក់បានស្លាប់ភ្លាមៗនៅក្នុងរណ្តៅខ្សាច់ បន្ទាប់ពីខ្សាច់បាក់សង្កត់លើ ក្នុងពេលដែលកម្មករូបនេះ កំពុងបូមខ្សាច់ចេញពីរណ្តៅមកដាក់នៅខាងលើ ។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិល្វា ឃុំស្វាយរំពា ស្រុក​កំពង់​លែង ខេត្តកំពង់ឆ្នាំង ។

    លោកប៉ាល់ ជឿន អធិការនគរបាលស្រុកកំពង់លែង បានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះវៃ សុវណ្ណ ភេទប្រុស អាយុ ១៦ឆ្នាំ ជាកម្មករស៊ីឈ្នួលបូមខ្សាច់ រស់នៅក្នុងភូមិឃុំខាងលើ ។

    លោកអធិការបានប្រាប់ឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ មានកម្មករចំនួន៣នាក់បានចុះទៅក្នុងរណ្តៅ​ខ្សាច់ដើម្បី រៀប​ចំ​បូម​ខ្សាច់​មកដាក់នៅខាងលើ ប៉ុន្តែនៅពេលដែលកំពុងតែបូម ស្រាប់តែគំនរខ្សាច់នៅខាងលើ បានបាក់រលុះចុះមកខាងក្រោម បណ្តា​ល​ឲ្យសង្កត់កម្មករ នៅក្នុងរណ្តៅខ្សាច់នោះតែម្តង។ ភ្លាមៗនោះ មានកម្មករផ្សេងទៀត បានជួយ​កាយខ្សាច់ដែលបាក់​សង្កត់​លើ​កម្មករនោះដែរ ប៉ុន្តែជួយមិនទាន់ ក៏បណ្តាលឲ្យជនរង​គ្រោះថប់ដង្ហើមស្លាប់ដោយសារខ្សាច់សង្កត់លើតែម្តង ។

    ប្រជាពលរដ្ឋបានលើកឡើងថា ការស្លាប់របស់កម្មករនាពេលនេះក៏អាចបណ្តាល មកពីការធ្វេសប្រហេសរបស់ម្ចាស់អាជីវកម្ម​បូម​ខ្សាច់ រហូតបង្ករឲ្យមានគ្រោះថ្នាក់ការងារបែបនេះកើតឡើង។ ដែលករណីនេះជាការទទួលខុសត្រូវ​របស់ ម្ចាស់អាជីវកម្ម ។

    គេនៅចាំមើលថា តើម្ចាស់បូមខ្សាច់មួយនេះ នឹងទទួលខុសត្រូវបែបណាចំពោះគ្រោះថ្នាក់ការងារបណ្តាលឲ្យមនុស្សស្លាប់បែបនេះ ហើយសមត្ថកិច្ច និង អាជ្ញាធរ នឹងចាត់វិធានការបែបណាចំពោះម្ចាស់អាជីវមកម្មខាងលើ ព្រោះថាកម្មករដែលស្លាប់នេះគឺ​នៅ​កន្លែង​បូម​ខ្សាច់ របស់ម្ចាស់អាជីវកម្មបូមខ្សាច់ដែមានឈ្មោះដា រស់នៅភូមិត្អួរលំ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង