ស៊ីម៉ាក់ដាក់ចេញផែនការកំទេចគ្រាប់មីនឲ្យបាន៤ម៉ឺនគ្រាប់ និងរំដោះដីចំការមីនឲ្យបាន ១១៦គីឡូម៉ែត្រក្រឡានៅឆ្នាំក្រោយ

  • ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់)បាន ដាក់ចេញសម្រាប់ អនុវត្តន៍ឆ្នាំ២០២០ ដោយក្នុងនោះគ្រោងរំដោះផ្ទៃដីមានមីន និងគ្រាប់ចំនួន១១៦គីឡូម៉ែត្រក្រឡា និងកំទេចគ្រាប់មីន ឲ្យបាន៤ម៉ឺនគ្រាប់។ជាមួយគ្នានោះ ផែនការអប់រំអំពីគ្រោះថ្នាក់ដោយសារគ្រាប់មីនក៏ត្រូវបានដាក់ចេញផងដែរ។

    ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកមជ្ឈមណ្ឌល សកម្មភាព កម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់)បាន បញ្ជាក់តាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា ផែនការ សមាហរណកម្ម បោសសម្អាត មីន ២០២០ របស់អង្គភាពស៊ីម៉ាក់ រួមមាន កិច្ចប្រតិបតិ្តការ រំដោះផ្ទៃដីចំការមីន/ចំការគ្រាប់ ចំនួន១១៦គីឡូម៉ែត្រក្រឡា ក្នុងនោះមានចំការមីនចំនួន ប្រមាណ ៧៩គីឡូម៉ែត្រក្រឡា និងចំការគ្រាប់ចំនួន៣៨គីឡូម៉ែត្រក្រឡា។

    បើតាមអគ្គនាយកស៊ីម៉ាក់ នៅចំពោះមុខនេះ មានការបញ្ជាក់គំរោងចាប់ផ្តើមអនុវត្តបាន មានចំនួនជាង៨០គីឡូម៉ែត្រក្រឡា ហើយនៅសល់៣៦គីឡូម៉ែត្រក្រឡា កំពុងរង់ចាំ និង ស្វែងរកដៃគូជំនួយ ដើម្បីគាំទ្រផែនការនេះ ដើម្បីសំរេចបានគោលដៅ រំដោះដី១១៦ គីឡូម៉ែត្រ ក្រឡានេះ ត្រូវការកំលាំងជំនាញសរុបជាង១៦០០នាក់។ កំលាំងអន្តរាគមន៍កម្ទេចចោល គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមអាចកំទេចគ្រាប់ចំនួនប្រមាណ៤០,០០០គ្រាប់ និងត្រូវឆ្លើយតបតាមសំណើ សុំអន្ដរាគមន៍ បន្ទាន់ៗ ចំនួន៥០០០ករណី។

    ចំពោះការងារអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន៖ អង្គភាពស៊ីម៉ាក់នឹងបន្ដពង្រឹង កិច្ចសហការជាមួយ អគ្គស្នងការដ្ឋាន នគរបាលជាតិ និងអាជ្ញាធរមូលដ្ឋាន ដើម្បីហ្វឹកហ្វឺន ពង្រីកបណ្ដាញស្ម័គ្រចិត្តតាមមូលដ្ឋាននៅទូទាំងប្រទេសដែលត្រូវ ប្រព្រឹតិ្ត ទៅ១២,០០០លើក មានចំនួន ១០០,០០០ខ្នងផ្ទះ មានមនុស្សរាយចំនួ ន៧០ម៉ឺននាក់។

    ការងារស្រាវជ្រាវព័ត៌មានចម្ការមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម៖ស៊ីម៉ាក់នឹង បន្ដខិតខំ កៀរគរជំនួយ ដើម្បីបញ្ចប់ការងារ ស្រាវជ្រាវ ព័ត៌មានកម្រិតមូលដ្ឋាន ឲ្យបានចប់ក្នុងក្របខ័ណ្ឌ ទូទាំងប្រទេស ស្របតាមផែនការយុទ្ធសាស្រ្ដ របស់អាជ្ញាធរ មីន។

    សូមបញ្ជាក់ថា តំបន់ដែលមិនទាន់បានចុះស្រាវជ្រាវព័ត៌មានភាគច្រើន ជាតំបន់គ្រាប់បែក ចង្កោម និងសំណល់ជាតិផ្ទុះពី សង្គ្រាម ដែលបច្ចុប្បន្ននេះ កម្លាំងស្រាវជ្រាវអង្គភាពស៊ីម៉ាក់ មានចំនួន១២ក្រុម អាចបន្ដបំពេញភារកិច្ចនេះតាម សំណូមពរ បាន។ ក្នុងឆ្នាំ២០២០ កំលាំង អាចស្រាវជ្រាវលើចំនួន៨០០ភូមិ។

    ចំណែកឯការងារហ្វឹកហ្វឺន៖ ស៊ីម៉ាក់នឹងសហការផ្ដល់ការហ្វឹកហ្វឺនដល់កងទ័ពជើងគោកដើម្បី រួមចំណែកក្នុងភារកិច្ច បោសសម្អាតមីន មានចំនួនប្រមាណ៥០០នាក់ ទាំងនៅវិទ្យាស្ថាន បច្ចេកទេសសកម្មភាពមីន និងនៅមូលដ្ឋានកងទ័ព និងហ្វឹកហ្វឺនអន្តរជាតិ ដូចជាមកពី ប្រទេសអ៊ីរ៉ាក់ កូឡុំប៊ី ឡាវ ជាដើមចំនួន៥វគ្គ មានសិក្ខាកាមអន្តរជាតិជាង១០០នាក់៕

    អត្ថបទ៖ សុគន្ធារី

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង