នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យឯកឧត្តម Michael Tan ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឪកាសដែល ឯកឧត្តម ត្រូវបញ្ចប់អាណតិ្តបេសកកម្មការទូតរបស់ ឯកឧត្តម នៅកម្ពុជា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។
នៅក្នុងជំនួបនេះ ឯកឧត្តម Michael Tan បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានបង្កលក្ខណៈដល់បេសកម្មការទូតរបស់ ឯកឧត្តម ទទួលបានជោគជ័យគួរជាទីមោទៈ និងបានសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់វិធានការត្រឹមត្រូវ និងទាន់ពេលវេលាក្នុងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺរាតត្បាតសាកលកូវីដ-១៩។
ជាកិច្ចឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ផ្តើមចេញពីទំនាក់ទំនងនៃរយ:កាលដ៏យូរអង្វែងតាំងពីឆ្នាំ១៩៦៥ ហើយដែលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងអាណត្តិរបស់ ឯកឧត្តម Michael Tan ការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធ ជាពិសេសតាមរយ:សមិទ្ធផលការងារជាច្រើន ដែល ឯកឧត្តម ឯកអគ្គរដ្ឋទូត សម្រេចបាន។
ជាមួយគ្នានេះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានបញ្ជាក់ថានឹងបន្តខិតខំចូលរួមចំណែកពង្រឹងនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរនិយាយជារួម និងនិយាយដោយទ្បែករវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរឱ្យកាន់តែមានសន្ទុះខ្លាំងឡើងបន្ថែមទៀត។


