ឧត្តមសេនី​យ៍​ឯក ហ៊ុន ម៉ាណែត ​អញ្ជើញ​ពិនិត្យ​​ការងារ​​ហ្វឹក​ហ្វឺន​បណ្តុះ​​បណ្តាល​​កងកម្លាំង​ត្រៀម​ចូលរួម​អន្តរាគមន៍​ទប់ស្កាត់​ការរីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-​១៩

  • ភ្នំពេញ៖ ឯកឧត្តម ​ឧត្តម​សេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធព​លខេមរភូមិន្ទ មេបញ្ជាការកង​ទ័​ព​ជើង​គោក នៅ​ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញ​ពិនិត្យការហ្វឹកហ្វឺន​បណ្តុះបណ្តាល​កងកម្លាំងត្រៀម​ចូលរួមអន្ត​រាគមន៍ទប់​ស្កាត់ការរីក​រាល​ដាល​នៃជំងឺកូវីដ-១៩ របស់អនុគណៈ​កម្មការ​គ្រប់គ្រង​សន្តិសុខ និងសណ្តាប់ធ្នាប់នៅតាម​គោលដៅ និងតំបន់​ចត្តាទ្បីស័ក នៅ​ក​ងព​លតូចលេខ៧០។

    ឯកឧត្តម ​ឧត្តម​សេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រទេស​ជាតិ ប្រជាពលរដ្ឋ និងក្រុម​គ្រួសារ​របស់​យើង​ទាំង​អស់​គ្នា​កំពុង​ស្ថិត​នៅក្នុងដំណាក់កាលហានិភ័យ​នៃសង្រ្គាមប្រយុទ្ធប្រឆាំង​ជាមួយជំងឺ​កូវីដ-១៩ ដែល​ជម្ងឺ​នេះ​បានបង្ក​ផលប៉ះពា​ល់យ៉ាងធំ​ធេង​ទាំង​ផ្អែកសុខភាព ទាំងផ្នែកជីវភាព​រស់នៅ ព្រមទាំង​បានបង្កើតនូវ​ការរើសអើង ការ​ភ័យ​ខ្លាច​ក្នុង​ចំណោម​ពលរដ្ឋនា​នាទូ​ទាំង​ប្រទេស​ក៏ដូច​ជា​ទូទាំងសកលលោក។ ពេលនេះប្រទេសជាតិ និងប្រជាជនត្រូវការកងកម្លាំងរបស់យើង ដើម្បីចូល​រួមទប់ស្​កាត់​ជាមួយ​សត្រូវ​ដែលមើលមិនឃើញមួយនេះ ដូច្នេះត្រូវត្រៀមលក្ខណៈក្នុងការហ្វឹកហ្វឺន និងបំពាក់ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បី​ប្រ​តិ​បត្តិដោយភាព​ជោគជ័យតាមបទបញ្ជាប្រកប​ដោយសុវត្ថិភាព ក្នុងការបំពេញភារកិច្ចរួម​គ្នាការពា​រតំបន់ចត្តា​ទ្បីស័កឲ្យ​បាន​ហ្មត់​ចត់ ធានាបានការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាសត្រូវធំបំផុតរបស់ប្រទេសជាតិ សង្គមជាតិ និងសង្គម​គ្រួសា​រ​របស់យើង។

    ឯកឧត្តម ​ឧត្តម​សេនីយ៍ឯក បានលើកឡើងទៀតថា អនុគណៈកម្មការគ្រប់​គ្រងសន្តិសុខ និងសណ្តាប់​ធ្នាប់​នៅតា​ម​គោល​ដៅ និង​តំបន់​ចត្តាទ្បីស័ក មានភារកិច្ចទទួលខុស​ត្រូវអនុវត្តឲ្យបាន​​ជាដាច់ខាតនូវបទបញ្ជារ​បស់ថ្នា​ក់​ដឹក​នាំ និងទ​ទួល​ខុស​ត្រូវ​លើ​កម្លាំង​ប្រតិបត្តិការ​ដោយ​ផ្តល់ការហ្វឹកហ្វឺនឲ្យ​បានពេញ​លេញ និងបំពាក់​ឲ្យបានគ្រាប់គ្រាន់ ដើម្បី​ធានា​នូវភា​ព​ជោគ​ជ័យ​ក្នុងការ​បំពេ​ញភា​រកិច្ចប្រក​បដោយស្មារតីសេ្នហា​ជាតិ មាតុភូមិ និងប្រជា​ពលរដ្ឋ។

    ឯកឧត្តម ​ឧត្តម​សេនីយ៍ឯក បានលើកឡើង​បន្ត​​ថា ភារកិច្ច​ចម្បងក្នុ​ងប្រតិបត្តិការទប់​ស្កាត់ការរីករា​ល​ដាល​នៃជំងឺ​កូវី​ដ-​១៩​មានបីដំ​ណាក់​កា​ល​ធំៗគឺ៖ ទីមួយជា​ដំណាក់​កាលស្រា​វជ្រាវរកឲ្យ​ឃើញនូ​វអ្នកមានជំងឺកូវីដ-១៩ និងអ្នក​ដែលមា​ន​ការ​ពាក់​ព័ន្ធទាំងអ​ស់​ដើម្បី​កា​រពារកុំឲ្យគាត់​ប​ង្កការឆ្លងរាលដាល​ទៅអ្នកដទៃទៀត។ ក្នុងដំណាក់កាល​នេះកម្លាំងពេទ្យរបស់​យើងបានធ្វើការ​ទាំងថ្ងៃទាំង​យប់ ពេលខ្លះឈានដល់យប់អាធ្រាត និងទៀបភ្លឺ ប្រកបដោយភាពអង់អាចក្លាហាន ហ៊ានពុះពារគ្រប់​ឧបសគ្គ អស់រយៈ​​កាលជា​ង​មួយ​ឆ្នាំកន្លងមក ហើយមានសមាសភាពមកពី ក្រុមគ្រូពេទ្យ និងផ្នែកបច្ចេក​ទេសរបស់ក្រសួងសុខាភិ​បាល វិទ្យាស្ថានប៉ាស្ទ័រ និង​ក្រុម​គ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ។

    ឯទីពីរជាដំណា​ក់កា​លគ្រប់គ្រង​ការពារធា​នាឲ្យបាននូវការរក្សាទុ​កអ្នកដែលមានការ​ពាក់ព័ន្ធឲ្យស្ថិតនៅក្នុងតំបន់ចត្តាទ្បីស័ក ដំ​ណា​​ក់​​កាល​នេះកងកម្លាំងតាមមូលដ្ឋានបានអនុវត្តយ៉ាងស​កម្មអស់រយៈកាលកន្លងមក ហើយកងកម្លាំង​ដែលបានទទួល​ការហ្វឹក​ហ្វឺននា​ពេ​ល​នេះនឹងត្រៀមចូលរួ​មចំណែក​នៅពេលដែលមានស្ថាន​ការណ៍​ចាំបាច់កើតទ្បើង។

    ចំណែកឯទីបីគឺជាដំណាក់កាលផុ្តល់ការព្យាបាលជូនដល់អ្នកដែលមានជំងឺកូវីដ-១៩។ ដំណាក់កាលនេះគឺជាសមត្ថកិច្ចរបស់​ក្រុម​គ្រូ​ពេទ្យនៃ​មន្ទីសុខាភិ​បាល​គ្រ​ប់ខេត្ត-ក្រុង និងក្រសួង​សុខាភិបាលបានខិតខំយ៉ាងខ្លាំង​ក្លាដើម្បីបន្តព្យាបាល​បង​ប្អូនដែលមាន​ករ​ណី​​​វិជ្ជមាន ហើយជាល​ទ្ធផលមកទល់​ពេលនេះអ្នកជំងឺបានទទួលការជា​សះស្បើយច្រើន និងមិនទាន់​មានក​រណី​ស្លាប់​ដោ​យជំងឺ​កូវីដ-១៩ណាមួយនៅ​ក្នុងប្រទេស​កម្ពុជាយើង​នៅទ្បើយទេ។

    ជាមួយគ្នានោះ ឯកឧត្តម ​ឧត្តម​សេនីយ៍ឯក ក៏បាន​អរគុណដល់ថ្នាក់ដឹកនាំ​នៃក្រសួងសុខាភិបាល និង​បណ្តា​កងឯក​ភាព​ដែល​បាន​សហ​ការជ្រោម​ជ្រែង ក្នុងការផ្តល់ក្រុម​គ្រូឧទ្ទេស ក្រុមបច្ចេកទេសក្នុង​ការតាក់តែងឯ​កសារ និងធ្វើបទ​បង្ហាញដល់​ការហ្វឹក​ហ្វឺននេះ ហើយ​បានធ្វើការរៀបចំកម្លាំងដែ​លមានសុខភា​ពល្អ និងបានទទួលនូវកា​រចាក់ថ្នាំ​បង្ការរួច​រាល់ ព្រម​ទាំង​អរគុ​ណដ​ល់កង​កម្លាំ​ងរ​ប​ស់​​សម្រាប់ទឹកចិត្តមុះមុត និងការត្រៀមលក្ខណៈរួចជាស្រេចក្នុងកា​រការពារសុខសន្តិ​ភាព ស្ថិរភា​ព​សង្គម ដើម្បីបុព្វ​​ហេតុ​ជាតិ ​មា​តុ​ភូ​មិ​ និងប្រ​ជាព​លរដ្ឋ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង