សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងណែនាំឱ្យក្រសួងធម្មការ និងសាសនាពិនិត្យនិងចាត់វិធានការចំពោះអ្នកដែលយកសាសនាទៅធ្វើសកម្មភាពខុស។ ការចេញបទបញ្ជានេះ ក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារបរិស្ថាន ឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “សិទ្ធិសេរីភាពការគោរពសាសនា គឺយើងត្រូវថែរក្សា តែក៏ត្រូវមានដែនកំណត់ មានមូលដ្ឋានច្បាស់លាស់ មិនត្រូវបំផុសខុសការពិត” ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា “យើងត្រូវការពារ មិនត្រូវធ្វើអ្វីឱ្យប៉ះពាល់ដល់សាធារណៈទេ។ ការផ្សព្វផ្សាយនានាតាមបណ្តាញសង្គម ធ្វើឱ្យប៉ះពាល់ដល់សង្គម ខុសប្រាសចាកពីការពិត ធ្វើសកម្មភាពខុស”៕ ប្រភព CNC