កំពង់ឆ្នាំង ៖ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំងន បានថ្លែងថា ស្ត្រីគ្រប់រូបមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍគ្រួសារ និងសង្គមជាតិ ។

ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងបញ្ជាក់បែបនេះ នៅទិវានារីអន្តរជាតិនខួបលើកទី១១៤ ដែលបានប្រារព្វធ្វើនៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៤ ខែមិនា ឆ្នាំ២០២៥ ។

ឯកឧត្តម បណ្ឌិតសភាចារ្យ បានមានប្រសាសន៍ ថា ការចូលរួមរបស់ស្ត្រីនាពេលបច្ចុប្បន្ន ទាំងវិស័យឯកជន និងវិស័យសាធារណៈ នៅក្នុងសង្គមកម្ពុជា កាន់តែបង្ហាញឃើញអំពីកាតព្វកិច្ច តួនាទី និងការអនុវត្តនូវសិទ្ធិពេញលេញ ព្រមទាំងការលានុវត្តភាៈ ក្នុងការអភិវឌ្ឍនូវចំណេះដឹង ជំនាញបច្ចេកទេស និងធនធានរបស់ខ្លួន ដែលជាមូលដ្ឋានគ្រឹះ នៃសិទ្ធិជាសកល ភាពជាដៃគូក្នុងការរស់នៅ ក្នុងក្រុមគ្រួសារ និងសង្គម ប្រកបដោយសមភាព និងសមធម៌ ។

ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍បន្តទៀតថា ការប្រារព្វទិវានារីអន្តរជាតិ៨មិនា ខួបលើកទី១១៤ ឆ្នាំ២០២៥នេះ ធ្វើឡើងក្រោមប្រធានបទ« សិទ្ធិសមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប » ជាយុទ្ធនាការជាតិ ដើម្បីអបអរសាទរនូវវឌ្ឍនភាព និងសមិទ្ធិផលរបស់ស្ត្រីឆ្លុះបញ្ចាំងលើមេរៀន បទពិសោធន៍ បញ្ហាប្រឈម កាលានុវត្តភាព និងលើកឡើងនូវទិសដៅអាទិភាព ធ្វើឲ្យប្រសើរឡើងនូវសកម្មភាពជាក់លាក់ និងវិធានការជាវិជ្ជមាននានា ដើម្បីឆ្ពោះទៅធ្វើឲ្យសង្គមដែលមានបរិយាបន្ន និងសមភាពសម្រាប់ទាំងអស់គ្នា ក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្ម ក្នុងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ។

ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យជាអាទិភាព នៅក្នុងរបៀបវិរៈគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយះការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយ សីលធម៌ សមធម៌ និងបរិយាបន្នដែលក្នុងនោះ ស្ត្រីគឺជាស្នូល ។

លោកស្រី ពេជ សូភា ប្រធានមន្ទីរកិច្ចការនារី ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅក្នុងខេត្តកំពង់ឆ្នាំង មានស្ត្រីជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងវិស័យឯកជន ចំនួនជាង៤៣ភាគរយ ៕










