កំពង់ឆ្នាំង ៖ ឯកឧត្តម ពេញ យ៉ាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានអំពាវនាវទៅកាន់សិស្សានុសិស្ស ឱ្យប្រុងប្រយ័ត្ន និងចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃព័ត៌មានក្លែងក្លាយ ក្នុងស្រទាប់យុវជន និងសិស្សានុសិស្ស ដើម្បីរក្សាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងសង្គមជាតិ ។

ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានអំពាវនាវបែបនេះ នៅក្នុងឱកាសដែលឯកឧត្តម អញ្ជើញចូលរួមក្នុងយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែង » ជំហានទី២ ដែលរៀបចំដោយមន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំង នៅវិទ្យាល័យហ៊ុន សែន រលាប្អៀរ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ។

ឯកឧត្តម ពេញ យ៉ាត បានថ្លែងដោយគូសបញ្ជាក់ថា អ្នកប្រឌិតព័ត៌មានក្លែងក្លាយ តែងតែប្រើប្រាស់ចំណងជើងដែលទាក់ទាញ ឬប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសប្បនិម្មិត AI ដើម្បីបង្កើតរូបភាព និងសំឡេងក្លែងក្លាយ ក្នុងគោលបំណងទាញយកផលប្រយោជន៍ សេដ្ឋកិច្ច ឬញុះញង់បំបែកបំបាក់ ។ ដូចនេះក្មួយៗត្រូវធ្វើជាប្រជាពលឌីជីថលគំរូ ដោយប្រកាន់ខ្ជាប់នូវស្មារតី « គិត ផ្ទៀងផ្ទាត់ រួចចាំចែករំលែក » ដើម្បីរួមគ្នានិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ៕
អត្ថបទ ហឹង ចូច,រូបថត សន គន្ធនិវឌ្ឍន៍











