កំពង់ឆ្នាំង ៖ ការប្រួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៣ -២០២៤ ត្រូវបានបិទបញ្ចប់ហើយ ក្រោយពីបានដំណើរការប្រកួត អស់រយះពេលមួយសប្តាហ៍កន្លងទៅ ។
ពិធីបិទការប្រកួតនេះធ្វើឡើង នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ឈឹម វុទ្ធា អភិបាលរង ខេត្តកំពង់ឆ្នាំង ។លោក ម៉ូវ តឿ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ការប្រកួតឆ្នាំនេះ មានប្រតិភូគ្រូបង្វឹក និងកីឡាករ កីឡាកាតនី ចូលរួមសរុបចំនួន ១.៨០០នាក់ ស្រីចំនួន៨១៧នាក់។ ដោយចាប់ផ្តើមដំណើរការប្រកួតពីថ្ងៃទី១៥ដល់ថ្ងៃទី២១ កុម្ភ:។ ការប្រកួតបានប្រព្រឹតទៅដោយរលូន និងសម្រេចបានជោគជ័យជាស្ថាពរ ដោយកីឡាករមានឥរិយាបថថ្លៃថ្នូរ ប្រឹងប្រែងអស់ពីសមត្ថភាព ប្រកបដោយមិត្តភាព សាមគ្គីភាព និង សប្បាយរីករាយក្នុងការប្រកួតកីឡាគ្រប់ប្រភេទ។
លោក អនុប្រធានមន្ទីរបានឲ្យដឹងថា ចំពោះវិញ្ញាសារ ដែលត្រូវប្រកួតមានដូចជា បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ វាយសី វាយកូនឃ្លីលើតុ និងល្បុក្កតោ ។
លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងអំពាវនាវដល់គ្រប់អ្នកពាក់ព័ន្ធបន្តជួយគាំទ្រដល់វិស័យកីឡា ដើម្បីឲ្យយុវជនងាកមកលេងកីឡា ចៀសវាងទៅប្រព្រឹត្តនូវអំពើអបាយមុខផ្សេងៗ។
លោក អភិបាលរងខេត្តបានថ្លែងបន្តថា ការអប់រំកាយ និងកីឡា ជាសកម្មភាពមិនអាចខ្វះបាន នៅក្នុងកិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច ធនធានមនុស្ស បំបាត់អំពើហឹង្សា និងទប់ស្តាត់ការប្រើប្រាស់គ្រឿងញៀន ៕