កំពង់ឆ្នាំង ៖រយះពេល៣ថ្ងៃ នៃការឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានភ្ញៀវទេសចរណ៍ជិត ១៧ម៉ឺននាក់ បានមកលេងកម្សាន្ត នៅតាមតំបន់ទេសចរណ៍ និងរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ឆ្នាំង ។

យោងតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង បានបង្ហាញថា រយះពេល៣ថ្ងៃ នៃការឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ គឺថ្ងៃទី១០,១១ និងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦នេះ មានភ្ញៀវទេសចរណ៍ ចំនួន ១៦៧ ៥៧១ នាក់ ក្នុងនោះភ្ញៀវបរទេស ចំនួន ២២៨ នាក់ បានមកលេងកម្សាន្ត នៅតាមតំបន់ទេសចរណ៍ និងរមណីយដ្ឋាននាន ក្នុងខេត្តកំពង់ឆ្នាំង ។

សូមបញ្ជាក់ថា ខេត្តកំពង់ឆ្នាំង បានក្លាយជាខេត្តគោលដៅទេសចរណ៍ នារដូវបុណ្យភ្ជុំបិណ្ឌ ដោយសារតែខេត្តនេះ មានការអភិវឌ្ឍន៍ ជាពិសេសផ្លូវធ្វើដំណើរ ដែលបានស្ថាបនាឡើងតភ្ជាប់ពីទីរួមខេត្តឆ្ពោះទៅកាន់តំបន់ដាច់ស្រយាល និងរមណីយដ្ឋាននានា ។

ការស្ថាបនាផ្លូវខ្វាត់ខ្វែងជាបន្តបន្ទាប់នេះ បានធ្វើឱ្យអ្នកទេសចរណ៍ អាចមានឱកាសធ្វើដំណើរកាន់តែមានភាពងាយស្រួល ប្រើប្រាស់ពេលវេលាឆាប់រហ័ស ទៅដល់ទីតាំងទឹកធ្លាក់តាមតំបន់ភ្នំ ស្ទឹង បឹងបួរ ទំនប់ និងរមណីយដ្ឋាននានា ដែលកាលពីពេលមុនគ្មានអ្នកទៅដល់ ។

ក្រៅពីនោះក៏មានការរួមចំណែកពីភាពល្អប្រសើរនៃ សន្តិសុខ សុវត្តិភាព និងសន្តិភាព ដែលជាកត្តាចំបងផងដែរ ៕
អត្ថបទ៖ ហឹង ចូច











