កំពង់ឆ្នាំង ៖ មនុស្ស៥នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនមកធ្វើចត្តាឡីស័ក កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ដោយសារតែពួកគេ បំពានបម្រាមរបស់រាជរដ្ឋាភិបាល ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង៦ និង ៣០នាទីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ មានបុរស២នាក់ ម្នាក់ឈ្មោះយ៉ង់ ហឿន ភេទប្រុស អាយុ២៦ឆ្នាំ និង ម្នាក់ទៀត ឈ្មោះយ៉ង់ ចាន់ទុំ ភេទប្រុស អាយុ១៩ឆ្នាំ ។ ពួកគេត្រូវជាបងប្អូនជីដូនមួយនឹងគ្នា មានទីលំនៅក្នុងភូមិកំពង់ក្តា ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ពួកគេទាំងពីរនាក់បានបើកកាណូតបាឡាស្មាច់មួយគ្រឿងទៅដឹកយកប្អូនថ្លៃស្រីរបស់ខ្លួន និង មនុស្ស២នាក់ទៀតទាំងអស់៣នាក់ នៅចំណុចម្តុំស្ពានព្រែកព្នៅ រាជធានីភ្នំពេញ មកកាន់ភូមិតាមល់ក្រោម ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។ បន្ទាប់ពីបានដាក់មនុស្សប្រុសស្រីទាំង៣នាក់នៅភូមិតាមល់ក្រោមរួចហើយ ពួកគេទាំងពីរនាក់ក៏បានបើកបាឡាស្មាច់១ គ្រឿង ត្រឡប់មកកាន់លំនៅដ្ឋានរបស់គេវិញ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា បន្ទាប់ពីទទួលបានព័ត៌មាននេះ នៅវេលាម៉ោង៧និង៣០នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១អាជ្ញាធរភូមិ ឃុំ បានរាយការណ៍ ជូនលោកអភិបាលស្រុក ហើយលោកអភិបាលស្រុក បានចាត់ក្រុមការងាររួមមាន កម្លាំង នគរបាល មន្ត្រីសុខាភិបាល ចាប់បញ្ជូនពួកគេយកមកធ្វើចត្តាឡីស័ក តាមវិធានការរបស់រាជរដ្ឋាភិបាល ។
លោកឧត្តមសេនីយ៍ទោខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា មនុស្ស៣នាក់ ត្រូវដាក់ឲ្យធ្វើចត្តាឡីស័កនៅស្រុកគរិរី ដោយឡែកឈ្មោះយ៉ង់ ចាន់ទុំ និង ឈ្មោះយ៉ង់ ហឿន ត្រូវបានបញ្ជូនយកមកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក សាលាបឋមសិក្សាគំរូក្រុង ក្នុងទីរួមខេត្តកំពង់ឆ្នាំង ។ ក្រោយពីបញ្ចប់ការធ្វើចត្តាឡីស័ក នឹង ត្រូវចាត់ការបន្តតាមនិតិវិធីច្បាប់ ៕