កម្លាំង​សមត្ថកិច្ច​ឃាត់​ខ្លួន​ជន​ជាតិ​ប៉ា​គី​ស្ថាន​ បង់​ក្លា​ដេស​ និង​នេ​ប៉ាល់ ​ជិត​៣០០នាក់​ ពាក់​ព័ន្ធ​ករណី​ស្នាក់​នៅ​ និង​ធ្វើ​ការ​ខុស​ច្បាប់​ នៅ​ខេត្ត​ព្រះ​សីហនុ​

  • ជនជាតិប៉ាគីស្ថាន បង់ក្លាដេស និងនេប៉ាល់ប្រមាណ២៩០នាក់ទៀត ត្រូវបានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ឃាត់ខ្លួនពាក់ព័ន្ធករណីស្នាក់នៅ និងធ្វើការនៅប្រទេសកម្ពុជាដោយខុសច្បាប់។

    ការរកឃើញនេះ ផ្ដើមចេញពីករណីក្រុមជនជាតិប៉ាគីស្ថាន និងបង់ក្លាដេសទាំងនេះ ប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងនឹងជនជាតិចិន ដែលប្រមាថជាតិសាសន៍ខ្លួនកាលពីប៉ុន្មានថ្ងៃនេះ។

    ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំប្រតិបត្តិការផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរង និងលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ព្រមទាំងសហការជាមួយកម្លាំងអាវុធហត្ថ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលពីតំណាងអយ្យការផងដែរ។

    របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ប្រតិបត្តិការនៅថ្ងៃនេះ រកឃើញជនជាតិប៉ាគីស្ថាន ២១៦នាក់, បង់ក្លាដេសចំនួន​៦៨នាក់ និងជនជាតិនេប៉ាល់ ចំនួន៦នាក់ សរុបចំនួន២៩០នាក់។ ដោយឡែក សម្រាប់កាលពីប៉ុន្មានថ្ងៃមុននេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនជាតិបង់ក្លាដេស និងប៉ាគីស្ថាន ប្រមាណ៥៨នាក់។ ជនបរទេសទាំងអស់នេះ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីស្នាក់នៅ និងធ្វើការដោយខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។

    សូមរំលឹកថា នៅយប់ថ្ងៃទី៤ ខែតុលាកន្លងទៅនេះ ជនជាតិប៉ាគីស្ថាន និងបង់ក្លាដេសជាច្រើននាក់ បាននាំគ្នាតវ៉ាប្រឆាំងដោយខឹងសម្បារ ជាមួយជនជាតិចិនដែលប្រើពាក្យប្រមាថជាតិសាសន៍ខ្លួននៅកន្លែងធ្វើការក្នុងអគារមួយ ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ផ្អើលប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចចុះអន្ដរាគមន៍ដើម្បីសម្របសម្រួល។ ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសទាំងនោះជាបន្ដបន្ទាប់ ដើម្បីចាត់ការតាមនីតិវិធី៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង