កម្លាំង​ជំនាញ​របស់ខណ្ឌ​​​រដ្ឋបាល​ជល​ផល​​កំពង់​ឆ្នាំង បន្ត​ចុះបង្ក្រាប​បទ​ល្មើស នៅ​តាម​ដង​ទន្លេ​សាប​

  • កំពង់ឆ្នាំង ៖ គេសង្កេត​ឃើញថា នៅក្នុង​រដូវបិទ​នេសាទ​ឆ្នាំនេះ បទល្មើស​នៅតែកើតមាន បើទោះបីកម្លាំង​ជំនាញរដ្ឋបាលជលផលបានសហការ​ជា​មូយ​កម្លាំង​សមត្ថកិច្ចចុះទៅផ្សព្វផ្សាយនិងបង្ក្រាបជាបន្ត​បន្ទាប់ យ៉ាង​ណាក៏​ដោយ ។ ករណី​នេះផ្តើមចេញ​ពីជនខិល​ខូច​មួយ​ចំនួន​គិតតែពី​ផល​​ប្រយោជន៍​ផ្ទាល់​​ខ្លួន ដោយមិនបានគិតពីភាពវិនាសហិនហោច នៃមច្ឆជាតិឡើយ ។ ជាក់ស្តែងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ កម្លាំងខណ្ឌរដ្ឋបាលជលផល​កំ​ពង់​​ឆ្នាំង បានបន្តចុះ​ទៅ​បង្ក្រាប​បទ​ល្មើស​នៅតាម​តំបន់​មួយ​ចំនួន​ក្នុង​ភូមិ​សាស្ត្រ​ស្រុកកំពង់លែង ស្រុកជលគិរី និងស្រុកបរិបូរណ៍ ។

    ក្រុមទី១ដឹកនាំដោយលោកលី ឡា នាយខណ្ឌរដ្ឋបាលជលផល សហការជាមួយគណះបញ្ជាការឯកភាពស្រុក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកំពង់លែងប្រើប្រាស់កំលាំងសរុប២០នាក់ និងកាណូត៥គ្រឿង បានចុះទៅដល់ភូមិសាស្រ្តឃុំផ្លូទូក និង ឃុំប្រឡាយមាស បាន​ប្រទះ​ឃើញ​បទ​ល្មើស​នេសាទរបាំងសាច់អួនត្រង់ចំណុចវាលភក់ ដោយបានសម្រេចធ្វេីការរុះរេី និង បំផ្លាញចោលនៅនឹងកន្លែងតែម្តង ។

    ក្រុមទី២ កម្លាំងសង្កាត់រដ្ឌបាលជលផលរិបូណ៍ មានគ្នា៣នាក់និងកាណូត ១គ្រឿង ចុះប្រតិបត្តិការប្រទះឃេីញរបាំង​ស្បៃមុង នៅចំណុចអ្នកតាទម្លាប់ ភូមិកំពង់អ៊ួរ ឃុំខុនរ៉ង ស្រុកបរិបូណ៍ ដោយបានធ្វេីការរុះរេី និង បំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងតែម្តង។

    ក្រុមទី៣ កម្លាំងរដ្ឋបាលជលផលជលគិរី និង កម្លាំងអធិការដ្ឋានខាងត្បូងបឹងទន្លេសាប សរុបចំនួន២២នាក់ មធ្យោបាយ​កាណូត ៤គ្រឿង ចុះប្រតិ​បត្តិ​​ការ​​នៅចំណុចបឹងផ្សោត ក្រាំងយ៉ូវ និង ព្រែកភ្លង បានប្រទះឃើញបទល្មើសនេសាទ ដោយបានរុះរើ និង បំផ្លាញចោល នៅនឹងកន្លែងតែម្តង ។

    លោកលី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងរដ្ឋបាលជលផល បានសម្រេចរុះរើនិងបំផ្លាញ​ចោល​នៅ​នឹង​កន្លែងរួមមាន របាំងភ្ជិតព្រែក៤កន្លែង ប្រវែង៦៥ម៉ែត្រ ព្រួល១៥ផែន លប១២គ្រឿង របាំងស្បៃមុងចំនួន២៤កន្លែង ប្រវែង៦៤០ម៉ែត្រ លូចំនួន២៤ គ្រឿង របាំងសាច់អួនចំនួន២៤កន្លែង ប្រវែង១៧០០ម៉ែត្រ លបលូចំនួន៥០មាត់ បង្គោល១៣០០ដេីម និង ចាក់លែងត្រីចម្រុះទៅក្នុងដែននេសាទ​វិញ​ចំនួន១២០ គីឡូក្រាម៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង