កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្តរកឃើញមនុស្សចំនួន៧នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ក្នុងនោះ១នាក់ជាមន្ត្រីសាលាក្រុងកំពង់ឆ្នាំង ៥នាក់ជាកម្មករ កម្មការនីរោងចក្រ មានទីលំនៅក្នុងស្រុកកំពង់ត្រឡាច និងស្រុករលាប្អៀរ និង ១នាក់ទៀត ប្រជាពលរដ្ឋនៅក្នុងស្រុកទឹកផុស ។
អ្នកវិជ្ជមានកូវិដ.១៩ ខាងលើបានដាក់ឲ្យសម្រាកព្យាបាល នៅមណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែន កំពង់ត្រឡាច ។
រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានដែលមានកម្មករកម្មការនីស្នាក់នៅទាំងអស់ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងគ្រួសារអ្នកទាំងនោះ ឲ្យធ្វើចត្តាឡីស័ក នៅតាមមូលដ្ឋានទីសំណាក់រៀងៗខ្លួន ឲ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាល បន្តតាមដានសុខភាពរបស់បងប្អូននិងជួយដោះស្រាយការលំបាកនានាក្នុងគ្រួសារនិមូយៗតាមជាក់ស្តែង ។
រដ្ឋបាលខេត្តកំពង់ឆ្នាំងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ ក្នុងរយៈពេល១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់ នៅមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច ឬ មណ្ឌលសុខភាពដែលនៅជិតបំផុត ៕