កំពង់ឆ្នាំង ៖ ឧត្តមសេនីយ៍ឯក ពៅ សុខា មេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការបញ្ជាការដ្ឋានកាំភ្លើងធំ នាព្រឹកថ្ងៃទី១០ខែធ្នូ ឆ្នាំ២០២០នេះ បានចុះត្រួតពិនិត្យ ការហ្វឹកហ្វឺនប្រឡងបាញ់គ្រាប់កៀប របស់សិក្ខាកាមវគ្គហ្វឹកហ្វឺនប្រើប្រាស់កាំភ្លើងធំប្រភេទអូសសណ្តោង ១២២D៣០ និង ៧៦មីលីម៉ែត្រ នៅទីលានបាញ់គ្រាប់គៀប ទីបញ្ជាការស្រាល បញ្ជាការដ្ឋានកាំភ្លើងធំ ខេត្តកំពង់ឆ្នាំង។
បើតាមលោកវរសេនីយ៍ត្រី ប៉ែន ខែន នាយផ្នែកហ្វឹកហ្វឺន បានរាយការណ៍ស្តីពីការបណ្តុះបណ្តាលនាយទាហាន នាយទាហានរងពលទាហាន ដែលបានដំណើរការបើកវគ្គតាមផែនការហ្វឹកហ្វឹកហ្វឺនរយៈពេល៩១ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែតុលា ដល់ថ្ងៃ៣០ ខែធ្នូឆ្នាំ២០២០ មានសិក្ខាកាមសរុប ១៤០នាក់ ចែកចេញជា២០ក្រុម ហើយការប្រឡងនៅថ្ងៃនេះ គឺទទួលបានលទ្ធផលល្អ។
ឧត្តមសេនីយ៍ឯក ពៅ សុខា ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ការនឹករឭកពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិអគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ដែលជាប្រភពបន្តវេនទៅថ្ងៃអនាគត ជាពិសេសចំពោះនាយទាហាន នាយទាហានរងពលទាហាន និងកម្មសិក្សាការីទាំងអស់នាពេលនេះ ដែលកន្លងមកបានចូលរួមយ៉ាងសកម្ម ក្នុងការកសាងស្នារដៃជូនជាតិមាតុភូមិ។
ឧត្តមសេនីយ៍ឯក ពៅ សុខា បានបន្តថាវគ្គហ្វឹកហ្វឺនទាំងនេះពិតជាបានផ្ដល់នូវការយល់ដឹង និងបទពិសោធន៍ល្អៗ ដែលអាចធានាបានអំពីសមត្ថភាព ជំនាញ វិជ្ជាជីវៈរបស់យោធិនយើងបានល្អបន្ថែមទៀត ទាំងក្នុងការងារប្រយុទ្ធ និងត្រៀមប្រយុទ្ធ ដោយដើរទន្ទឹមគ្នានឹងការងារអប់រំចិត្តសាស្ត្រដល់យោធិនគ្រប់រូបឱ្យមានមនសិការវិជ្ជាជីវៈគោរពច្បាប់វិន័យកងទ័ព ជាពិសេសបំពេញភារកិច្ចតួនាទីរបស់ខ្លួនបម្រើជាតិមាតុភូមិ ដោយស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ក៏ដូចជាការធានានូវការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក។
ឧត្តមសេនីយ៍ឯក ពៅ សុខា ក៏បានថ្លែងកោតសរសើរដល់សិក្ខាកាមទាំងអស់ដែលបានខិតខំរៀនសូត្ររហូតទទួលបានលទ្ធផលល្អនិងបានស្នើឱ្យយកចំណេះវិជ្ជាទាំងនេះទៅបម្រើការនៅតាមអង្គភាពវិញឱ្យមានប្រសិទ្ធភាពខ្ពស់ និងបន្តចែករំលែកចំណេះជំនាញនេះដល់យោធិនផ្សេងទៀតនៅតាមកងឯភាពរបស់ខ្លួន៕