កំពង់ឆ្នាំង៖ កិច្ចប្រជុំបូកសរុបលទ្ធផលភូមិឃុំមានសុវត្ថិភាពរយ:ពេល៩ខែឆ្នាំ២០២០ និង លើកទិសដៅការងារអនុវត្តបន្តរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ត្រូវបានធ្វើឡើងកាលរពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តមឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និង ជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និង គណអភិបាលក្រុងស្រុក មេឃុំ ចៅសង្កាត់ ក្នុងខេតកំពង់ឆ្នាំងផងដែរ ។
លោកឧត្តមសេនីយ៍ត្រីអៀរ ប៊ុនធឿន ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០នេះ ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព បានដំណើរការល្អប្រសើរ ដោយបានអនុវត្តតាមលក្ខណៈសម្បត្តិទាំង៩យ៉ាងរបស់ភូមិឃុំមានសុវត្ថិភាព ក្រៅពីនេះ បានរៀបចំឲ្យមានវេទិការសាធារណៈ ដើម្បីស្តាប់រាល់តម្រូវការ និង បញ្ហាប្រឈមនៅមូលដ្ឋាន ដើម្បីធ្វើការដោះស្រាយជូនពលរដ្ឋបានទាន់ពេលវេលា ។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមឈួរ ច័ន្ឌឌឿន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្រ្តីអាជ្ញាធរ សមត្ថកិច្ច ក្នុងការចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព បានល្អប្រសើរ ទប់ស្កាត់បានរាល់បទល្មើសនានាក្នុងមូលដ្ឋាន ។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា គោលនយោបាយនេះមានសារៈសំខាន់បំផុត ព្រោះនៅពេលភូមិឃុំទាំងអស់មានសុវត្ថិភាព ប្រទេសទាំងមូល គឺ មានសុខសន្តិភាព និងស្ថិរភាពដូចគ្នាផងដែរ។ ដើម្បីធានាឱ្យគោលនយោបាយភូមិឃុំមានសុវត្ថិភាពទទួលបានជោគជ័យ ត្រូវមានយន្តការអនុវត្តឱ្យបានច្បាស់លាស់។ បន្ថែមពីនេះត្រូវពង្រីកការចូលរួម និងគាំទ្រពីគ្រប់មជ្ឈដ្ឋានឱ្យបានច្រើន ហើយអ្នកដែលដើរតួនាទីសំខាន់គឺសមត្ថកិច្ចឃុំ និងស្រុក ដែលជាអ្នកនៅផ្ទាល់ជាមួយពលរដ្ឋក្នុងមូលដ្ឋាន។ ការចូលរួមពីរគ្រប់មជ្ឈដ្ឋាន និងប្រជាពលរដ្ឋ គឺជាធាតុផ្សំមិនអាចខ្វះបាននិងមានប្រសិទ្ធភាពបំផុតឆ្ពោះទៅការរក្សាបានសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈសង្គម និងសុវត្ថិភាព នៅក្នុងមូលដ្ឋាន។
គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព មាន៩ចំនុចដូចជាគ្មានសកម្មភាពលួច ឆក់ ប្លន់គ្រប់ប្រភេទ។ គ្មានការដាំដុះ គ្មានការផលិត គ្មានចរាចរ គ្មានការជួញដូរ ឬការចែកចាយ និង ការប្រើប្រាស់ គ្រឿងញៀនខុសច្បាប់។ គ្មានអំពើអាណាចារ្យ ការជួញដូរស្ត្រីនិងកុមារ និងអំពើហិង្សាក្នុងគ្រួសារ។ គ្មានក្មេងទំនើង គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងការប្រើប្រាស់វុធខុសច្បាប់ និង បទល្មើសគ្រប់ប្រភេទ។ បន្ថែមពីនេះ គ្មានគ្រោះថ្នាក់ចរាចរណ៍ ឬ គ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ មានវិធានការទប់ស្កាត់ គ្រប់គ្រង និង ឆ្លើយតប ចំពោះគ្រោះមហន្តរាយ ប្រកបដោយប្រសិទ្ធិភាពនិង គ្មានការត្រួតពិនិត្យខុសច្បាប់ជាដើម៕