នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២១ របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ថ្នាក់ដឹកនាំ នៃបណ្ឌិត្យសភានគរបាលកម្ពុជា និងអគ្គនាយកដ្ឋាននានា ព្រមទាំងអង្គភាពពាក់ព័ន្ធផងដែរ។
ក្នុងន័យនេះផងដែរ សម្តេចក្រឡាហោម ក៏បានស្នើដល់អគ្គនាយកដ្ឋានផ្សេងៗដែលមិនទាន់បានរៀបចំផែនការឆ្នាំ២០២០នៅឡើយ ឲ្យបន្តខិតខំថែមទៀត ដើម្បីអាចធ្វើជាមូលដ្ឋានបង្អែកក្នុងការធ្វើសកម្មភាព។ សម្តេច ក៏បានមានប្រសាសន៍ថា ជាការពិតសម្តេចក៏យល់ថា កន្លែងខ្លះក៏ពិបាកក្នុងការធ្វើផែនការជាក់លាក់នេះផងដែរ ប៉ុន្តែយើងត្រូវតែខិត្តឲ្យអស់លទ្ធភាព ដើម្បីបានជាមូលដ្ឋាន និងជាបទពិសោធន៍សម្រាប់យកទៅអនុវត្តនៅពេលខាងមុខទៀត។ សម្តេចក្រឡាហោម ក៏បានជម្រុញឲ្យអង្គភាព ឬអគ្គនាយកដ្ឋានទាំងអស់ បើបានរៀបចំផែនការសកម្មភាពឆ្នាំ២០២០រួចហើយ សូមឲ្យខិតខំបន្តរៀបចំធ្វើផែនការសកម្មភាពសម្រាប់ឆ្នាំ២០២១បន្តទៀត។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក៏បានធ្វើសេចក្តីរាយការណ៏គោរពជូនអង្គប្រជុំពីដំណើរការនៃការរៀបចំផែនការសកម្មភាពឆ្នាំ២០២១នេះថា ផែនការសកម្មភាពប្រចាំឆ្នាំ២០២១ របស់បណ្ឌិតសភានគរបាលកម្ពុជា នេះត្រូវបានរៀបចំឡើងដោយយោងទៅលើចំណុចចំនួន៥ នៃផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ (២០១៩-២០២៣) និងផែនការយុទ្ធសាស្រ្តបណ្តាឆ្នាំកន្លងទៅរបស់បណ្ឌិត្យសភានគរបាលកម្ពុជា និងយោងតាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ក៏ដូចជាការឆ្លងយោបល់ជាមួយឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការផងដែរ៕
ប្រភព៖ ក្រសួងមហាផ្ទៃ