ឯក​ឧត្តម ណៅ ធួក ប្រាប់​មន្ត្រីជល​ផល​ខេត្តកំពង់​ឆ្នាំងឲ្យ​បង្កើន​​ទប់ស្កាត់​​និង​បង្ក្រាប​បទ​ល្មើស​នេ​សាទ​

  • កំពង់ឆ្នាំង៖ ឯកឧត្តម ណៅ ធួក រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានប្រាប់មន្ត្រីជំនាញរដ្ឋបាលជលផល​ខេត្ត​កំពង់​ឆ្នាំង ឲ្យបង្កើនការទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើសនេសាទ គ្រប់ប្រភេទ​ឲ្យ​បានជាប់​ជាប្រចាំ។

    ឯកឧត្តម ណៅ ធួក បានមានប្រសាសន៍ក្រើនរំលឹកដល់មន្ត្រីជំនាញបែបនេះ នៅក្នុងឱកាសដែលឯកឧត្តម​អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​មើល​ស្ថាន​ភាព​បទល្មើស​នេសាទ​ ក្នុងភូមិ​សាស្ត្រស្រុក​កំពង់ត្រឡាច និង​ស្រុកជលគិរី ខេត្តកំពង់​ឆ្នាំង កាល​ពីថ្ងៃទី៥ ខែតុលា​ ឆ្នាំ២០​២០​ ។

    ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា សកម្មភាពល្មើសនេសាទ តែងតែកើតមានជាបន្តបន្ទាប់ ដូចនេះមន្ត្រីជំនាញ​ត្រូវតែចុះ​ត្រួត​ពិនិត្យ​មើលឲ្យ​បានជាប់ជាប្រចាំនិងត្រូវធ្វើការបង្ក្រាបជាកស្តែងឲ្យមានប្រសិទ្ធភាព ។

    លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការដែលដឹកនាំដោយឯកឧត្តម ណៅ ធួក រដ្ឋ​លេ​ខា​​ធិការក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ លោកងិន ហ៊ុន ប្រធានមន្ទីរ កសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានចុះ​ទៅ​កាន់ចំណុចក្បាលកោះលង្វែក ខ្លាគ្រហឹម ស្តីបន្លិច បឹងធំ ក្នុងភូមិសាស្ត្រស្រុកកំពង់ត្រឡាច និងស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។

    លោក លី ឡា បានឲ្យដឹងទៀតថា ចំពោះលទ្ធផលកម្លាំងជំនាញជលផលសម្រេចរុះរើនិងបំផ្លាញចោលនៅនឹងកន្លែងមានរបាំង​ស្បៃ​មុង​២៤កន្លែង ប្រវែង៥៦០ ម៉ែត្រ លូស្បៃមុងចំនួន២៤មាត់ បង្គោល ចំនួន៣៧០ដេីម និង ចាក់លែងត្រីចម្រុះ ចំនួន១៥០គីឡូក្រាម៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង