កំពង់ឆ្នាំង ៖ រូបសំណាកនារីស្មូនឆ្នាំង នឹងត្រូវស្ថាបនាឡើង នៅចំកណ្តាលសួនច្បារផ្លូវបំបែកវាងក្រុងទី៣ ស្ថិតក្នុងឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ពិធីក្រុងពលីនិងបញ្ចុះបឋមសិលាសាងសង់ ត្រូវបានធ្វើឡើងនាពីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ ព្រមទាំងមានការចូលរួមពីសំណាក់លោកស្រី ប៊ន សុភី អភិបាលងរងខេត្តកំពង់ឆ្នាំង និង លោក លោកស្រី ថ្នាក់ដឹកនាំមន្រ្តីរាជាកាតាមមន្ទីរអង្គភាពជុំវិញខេត្តផងដែរ ។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់អោយដឹងថា រូបសំណាកនារីស្មូនឆ្នាំងនឹងត្រូវស្ថាបនាឡើងនៅចំកណ្តាលសួនច្បារ ផ្លូវបំបែកវៀងក្នុងគម្រោងធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ៥ ។ តាមរយៈនៃការអនុវត្តគម្រោងនេះ ខេត្តកំពង់ឆ្នាំង មានផ្លូវវាងក្រុងនិងទីប្រជុំជនចំនួន៣កន្លែង ទី១.គឺផ្លូវវាងទីប្រជុំជនផ្សារឧត្តុង្គ ឆ្លងកាត់ស្រុកសាមគ្គីមានជ័យ រដ្ឋបាលខេត្តកំពង់ឆ្នាំង ដាក់រូបសំណាកព្រះគោព្រះកែវ ,ទី២.គឺផ្លូវវាងក្រុងកំពង់ឆ្នាំង អាជ្ញាធរខេត្តដាក់រូបសំណាកឆ្នាំង ដែលមានកំពស់១៤ម៉ែត្រ នៅចំកណ្តាលសួនច្បារ ជានិមិត្តរូបនៃខេត្តកំពង់ឆ្នាំង និង ទី៣ គឺរូបសំណាក់នារីស្មូនឆ្នាំង និមិត្តរូបទី៣នេះ គឺបានបង្ហាញអំពីស្នាដៃរបស់ស្រ្តីនៃខេត្តកំពង់ឆ្នាំង ដែលមានជំនាញក្នុងការស្មូនឆ្នាំងប្រកបដោយភាពប៉ិនប្រសព្វ ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់អោយដឹងទៀតថា រូបសំណាកទាំង៣នេះ ពិតជាបង្ហាញអំពីអត្តសញ្ញាណ នៃខេត្តកំពង់ឆ្នាំង ដែលជាទឹកដីសំបូរទៅដោយធនធានធម្មជាតិ និង រឿងរ៉ាវប្រវតិ្តសាស្រ្តជាច្រើនផងដែរ ។
ឯកឧត្តមបន្ថែមថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជានាយករដ្ឋមន្រ្តី ពីមួយដំណាក់កាលទៅមួយដំណាក់កាល ខេត្តកំពង់ឆ្នាំងកាន់តែមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់លើគ្រប់វិស័យ ស្របតាមកម្មវិធីយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ។ ទាក់ទាញបានអ្នកវិនិយោគិន បង្កើតការងារជូនប្រជាពលរដ្ឋ ក្រៅពីនេះខេត្តកំពង់ឆ្នាំង គឺជាខេត្តគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ ដូចនេះយើងត្រូវបន្តថែរក្សា និង អភិវឌ្ឍន៍នូវអ្វីដែលមានស្រាប់ អោយកាន់តែមានការរីកចម្រើនបន្ថែមទៀត ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ៕