ឃាត់ខ្លួនបុរសម្នាក់ស្រវឹងស្រា​យក​ច្រវា​ទូក​វាយ​បំបែកកញ្ចក់​រថយន្ត​សមត្ថកិច្ច​

​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​វាល​ស្បូវ​ឃាត់ខ្លួន បន្ទាប់ពី​ប្រើ​ច្រវា​ទូក​វាយ​បំបែក​កញ្ចក់​រថយន្ត​អ្នកដទៃ នៅ​ចំណុច​សាលាសង្កាត់ វាល​ស្បូវ ភូមិ​វាល​ស្បូវ សង្កាត់ វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ នា​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២០ ម៉ោង​២២​និង​៣០​នាទី​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ម្ចាស់​រថយន្ត​ឈ្មោះ ម៉ូ​ញ គឹម​សាន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាល ស្នាក់នៅ​ភូមិ​វាល​ស្បូវ សង្កាត់ វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ​។ ចំណែក​ជនដៃដល់​ឈ្មោះ សំរិទ្ធ សុខ​មៀន អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់នៅ​ភូមិ​ក្តី​តា​កុយ សង្កាត់ វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ​។​

​សមត្ថកិច្ច​បន្តថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ទុក​រថយន្ត​ម៉ាក Lexus RX-៣៣០ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2AL-8727 នៅ​សាលាសង្កាត់​វាល​ស្បូវ (​ចំណុចកើតហេតុ​) រួច​ក៏​ចេញ​ល្បាត​ក្នុង​មូលដ្ឋាន ស្រាប់តែ​ជនសង្ស័យ​ផឹកស្រា​ស្រវឹង​ខ្លាំង យក​ចង្វា​វាយ​រថយន្ត​ជនរងគ្រោះ​បណ្តាល​ឲ្យ​បែក​កញ្ចក់​ខាងមុខ​, កញ្ចក់​ខាងក្រោយ​, កញ្ចក់​មើល​ក្រោយ​ទាំងសងខាង និង​ក្រ​ពិត​ក្បាល​រថយន្ត ។​

​ខណៈ​ប្រជាពលរដ្ឋ​ក្បែរ​នោះ​ឃើញ​ទូរស័ព្ទ ប្រាប់​ជនរងគ្រោះ​មកឃាត់​ខ្លួន​ជនសង្ស័យ រួម​និង​វត្ថុតាង​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​ចាត់ការ​តាមច្បាប់ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង