រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ ​គាំទ្រ​និង​ប្រកាស​ផ្តល់​សៀវភៅ​ល្អ​ៗ​ និង​ទិន្ន័យ​ឯកសារ​សំខាន់ៗ​​របស់​​ក្រសួង​ដាក់​បញ្ជូល​​​ក្នុង​បណ្ណា​ល័យ​​អេឡិច​ត្រូ​និក​

  • ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានគាំទ្រយ៉ាងពេញទំហឹងចំពោះការ​បង្កើតបណ្ណាល័យអេឡិចត្រូនិក និង​សន្យា​​​ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពី​បណ្ណា​​ល័យនេះ ព្រមទាំងប្រកាសផ្តល់សៀវភៅដែលល្អៗ ក៏ដូចជា​ទិន្ន័យ​ឯក​សារ​សំខាន់ៗ​របស់ក្រសួង ដើម្បីដាក់បញ្ជូលទៅក្នុងបណ្ណាល័យនេះ។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋ​មន្រ្ដីនេះ ក្នុងការ​អនុ​ញ្ញាត​ឱ្យលោក ជា ឌីណា អគ្គនាយកក្រុមហ៊ុន IDEA 3MS GLOBAL.,LTD និងជាស្ថាបនិករបស់បណ្ណាល័យ Electronic (KUM​NIT)​ ចូលជួបពិភាក្សាការងារ និងសម្ដែង​ការគួរសម នាព្រឹកថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងព័ត៌មាន ។

    ឯកឧត្តម ខៀវ កាញារីទ្ធ បានកោតសរសើរយ៉ាងខ្លាំងចំពោះការខិត​ខំប្រឹងប្រែង​របស់ក្រុមស្ថាបនិករបស់ បណ្ណាល័យ Electr​on​ic​ (KUMNIT) ដែលបាន​រួមគ្នាបង្កើតឡើងនូវ​បណ្ណាល័យមួយ ដែលអាចនិយាយបានថាជាឃ្លាំងស្តុកចំណេះដឹង ឬជា​កន្លែង​ប្រមូលផ្តុំ​ទៅដោយ កម្រងឯកសារ សៀវភៅមេរៀន និងទិន្នន័យជាច្រើន ដែលជួយផ្តល់ភាពងាយ​ស្រួលទៅដល់សិស្ស និស្សិត យុវជន និងសាធារណជន ក៏ដូចជាសហគ្រិនទូទៅ។

    ឯកឧត្ដម បានបញ្ជាក់ថា បណ្ណល័យអេឡិចត្រូនិកនេះ បានផ្ដល់ឱ្យ​ពួក​គាត់អាចធ្វើការ​សិក្សា ស្រាវជ្រាវ រៀនសូត្រ បានគ្រប់​ទីកន្លែង និងគ្រប់ពេលវេលាទាំងអស់ តាមរយ: Smart phone របស់​យើង​ផ្ទាល់ ដែលវាស្របទៅនឹងភាពជឿនលឿន​នៃសម័យ​កាលបច្ចេក​វិទ្យានេះតែម្តង។ លើសពីនេះទៀត ក៏បានចូលរួម​លើក​ស្ទួយ​ស្នាដៃអ្នកនិពន្ធក្នុងស្រុក ឱ្យ​ពួកគាត់ មានប្រភពចំ​ណូ​ល​មួយផ្នែកកទៀត តាមរយ:ការ​ដាក់លក់សៀវភៅ​របស់ពួក​គាត់ នៅក្នុងបណ្ណាល័យមួយនេះ ក្នុងការរួមចំណែកធ្វើការ​ផ្សព្វ​ផ្សាយ និងជួយឱ្យពួកគាត់​មាន​ភាព​ល្បីល្បាញទាំងនៅក្នុងស្រុក និង​សកលលោកផងដែរ។

    ឯកឧត្ដមរដ្ឋមន្រ្ដីចាត់ទុកថា បណ្ណាល័យ អេឡិកត្រូនិកមួយនេះពិតជាអាចចូលរួម បំពេញនូវតម្រូវការរបស់មិត្តអ្នកអាន និង​អាច​​ក្លាយទៅជាដំណោះស្រាយដ៏មានប្រសិទ្ធ​ភាពមួយសម្រាប់មនុស្សគ្រប់គ្នា ព្រមទាំងអាចជា​ផ្នែកមួយក្នុងការ​ចូលរួម​ជួយ​អភិវឌ្ឍន៍​វិស័យអប់រំ និងសង្គមជាតិ ឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមមួយកម្រិតទៀត​ជាក់ជា​ពុំខាន ។

    ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្ដីក៏មានការរំពឹងទុកផងដែរថា បណ្ណាល័យថ្មីមួយ នេះនឹងទទួលបាននូវការគាំទ្រយ៉ាង​ច្រើន​កុះករ​ពីសំណាក់ជនរួមជាតិ គ្រប់មជ្ឈដ្ឋាន និង លើសកលលោក ជាពិសេស សិស្ស និស្សិត យុវជន ព្រមទាំងសហគ្រិន​ទូទៅ​ផងដែរ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង