កំពង់ឆ្នាំង ៖ រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល មានទីតាំងស្ថិតក្នុងភូមិកោះខ្ទម្ព ឃុំជៀប ស្រុកទឹកផុស ។ បច្ចប្បន្នរមណីដ្ឋានមួយនេះ កំពុងមានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរណ៍ ហើយនាំគ្នាមកលេងកាន់តែមានចំនួនច្រើនជាពិសេសនៅថ្ងៃឈប់សម្រាកចុងសប្តាហ៍និងថ្ងៃបុណ្យធំៗ ។
ដើម្បីរៀបចំឲ្យមានការទាក់ទាញនិងសក្តិសមជាមួយនឹងកំណើនភ្ញៀវទេសចរណ៍អាជ្ញាធរខេត្តកំពង់ឆ្នាំង បានធ្វើផ្លូវ ធ្វើខ្ចុះសម្រាប់ភ្ញៀវអង្គុយលេង ចំណតរថយន្តម៉ូតូនិងបង្កើតជាសហគមន៍គ្រប់គ្រងផងដែរ ។នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោកជំទាវ ប៊ន សុភីអភិបាលរងខេត្តកំពង់ឆ្នាំងបានដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលការធ្វើផ្លូវ ដាក់លូ និង ពិនិត្យមើលទីតាំងសម្រាប់ធ្វើចំណតរថយន្តនិងម៉ូតូ ដែលចំណតថ្មីនេះមានផ្ទៃប្រម៉ាណជាង៤ហិកតា ។
លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍បញ្ជាក់ថា ក្រុមការងារដែលបានចុះមកកាន់ទីតាំងរមណីយដ្ឋានទឹកធ្លាក់ថ្មក្រាលពេលនេះ ក្នុងគោលបំណងពិនិត្យមើលការធ្វើផ្លូវ ដាក់លូ និង ទីតាំងជាក់ស្តែង ដែលសហគមន៍បានស្នើសុំក្នុងការពង្រីកចំណតរថយន្តនិងម៉ូតូ ។ ដើម្បីឲ្យដឹងថា ការពង្រីកចំណតនេះ មានផលប៉ះពាល់ដែរឬទេចំពោះបរិស្ថានធនធានព្រៃឈើ និងដីដែលជាកម្មសិទ្ធរបស់ប្រជាពលរដ្ឋ ។
លោកជំទាវ អភិបាលរងខេត្ត មានប្រសាសន៍បញ្ជាក់ទៀតថា តំបន់រមនីយដ្ឋានទេសចរណ៍ទឹកធ្លាក់ថ្មក្រាល គឺជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលមួយរបស់ខេត្តកំពង់ឆ្នាំង ទាក់ទាញបាននូវភ្ញៀវវទេសចរណ៍ជាច្រើនឲ្យមកលេងកំសាន្ត ដែលជាឧស្សាហកម្មទេសចរណ៍មួយ ធ្វើឲ្យសេដ្ឋកិច្ចអ្នកនៅខេត្តកំពង់ឆ្នាំង ពិសេសប្រជាពលរដ្ឋនៅតំបន់នេះ មានការីកចំរើនផងដែរ ។ ដើម្បីឲ្យភ្ញៀវទេសចរណ៍មកលេងបានជាប្រចាំ ទាល់តែការផ្តល់សេវាកម្មទេសចរណ៍នៅតំបន់នេះមានភាពល្អប្រសើរ ជូនដល់ភ្ញៀវទេសចរណ៍ដូចជាម្ហូបអាហារ ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ចំណតរថយន្ត និង ផ្លូវងាយស្រួលក្នុងការធ្វើដំណើរមកដល់តំបន់ទេចរណ៍នេះតែម្តង ។
លោកជំទាវ បញ្ជាក់ថា កន្លងមកនេះក្រោមការដឹកនាំរបស់ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តមបានធ្វើការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ពិសេសផ្លូវទៅកាន់តំបន់រមនីយដ្ឋានទេសចរណ៍នានានៅក្នុងខេត្ត បង្កលក្ខណ:ងាយស្រួលដល់ភ្ញៀវទេសចរណ៍ធ្វើដំណើរមកលេងកំសាន្តផងដែរ ៕