ទំនាក់​ទំនង​ទ្វេ​ភា​គី​កម្ពុជា​និង​ថៃ​ នឹង​កា​ន់​តែ​ល្អ​រឹង​មាំ​ ជា​ពិសេស​កិច្ច​សហ​ប្រតិបត្តិ​ការ​ និង​ការ​ផ្លាស់​ប្តូរ​លើ​គ្រប់​វិស័យ​ រួម​ទាំង​ការ​លើក​កម្ពស់​សេដ្ឋ​កិច្ច​ជាតិ​ និង​កម្រិត​ជីវភាព​របស់​ប្រជាជន​ប្រទេស​ទាំង​ពីរ​

  • នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម ឆឺតកៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

    ក្នុងឱកាសនៃជំនួបនេះ ឯកឧត្ដម ឆឺតកៀត អាត់ថាកន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។

    ឯកឧត្តម ឯកអគ្គរាជទូត បានលើកទ្បើងអំពីភាពរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អកម្ពុជា-ថៃ នាពេលកន្លងមក និងបានបញ្ជាក់អំពីការបេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំ និង ជិតស្និទ្ធបន្ថែមទៀត ។ ទនឹ្ទមនឹងនេះ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណ ជូនចំពោះ សម្តេចធិបតី និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូន ឯកឧត្តមនាយករដ្ឋមន្ត្រីថៃ ក្នុងដំណើរ ទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ និងបានបញ្ជាក់អំពីការទន្ទឹងរង់ចាំទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់ព្រះរាជាណាចក្រថៃ នាពេលខាងមុខនេះ ។

    ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្ដម ឆឺតកៀត អាត់ថាកន និងសហការី និងបានអរគុណចំពោះការបេ្តជ្ញាចិត្តក្នុងការជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ថៃ ឱ្យកាន់តែល្អរឹងមាំ និងលូតលាស់បន្ថែមទៀត ។ សម្តេចធិបតី ក៏បានលើកទ្បើងផងដែរ អំពីវឌ្ឍនភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពលជាច្រើន រួមមានជាអាទិ៍ វិស័យពាណិជ្ជកម្ម, ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាដើម ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង