កំពង់ឆ្នាំង ៖ គិតត្រឹមព្រឹកម៉ោង១០និង៣០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកពុលស្រាមានសារធាតុមេតាណុល នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានកើនឡើងដល់ចំនួន ១០១នាក់ហើយ ខណះមានអ្នកស្លាប់២នាក់ពេលបញ្ជូនទៅភ្នំពេញ និង២នាក់ទៀតស្លាប់នៅមូលដ្ឋាន។ នេះបើតាមរបាយការណ៍បឋមស្តីពីការពុលស្រាមានសារធាតុមេតាណុល ដែលលោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ គោរពជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល។
ករណីនេះក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា បានចាត់ក្រុមការងារមួយក្រុម ដើម្បីសហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយបន្ទាន់នូវករណីពុលស្រាសនេះ និងបានអំពាវនាវប្រជាពលរដ្ឋកុំពិសាស្រាស ដែលរៀបចំគ្មានបច្ចេកទេសត្រឹមត្រូវ ដើម្បីចៀសផុតពីការពុល ដែលធ្វើឲ្យបាត់បង់ជីវិត។
គួរបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណជាង៤ រសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ មានមនុស្សប្រុស ស្រីជាច្រើននាក់ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ត្រូវបានដឹកមកសង្រ្គោះបន្ទាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ជាបន្តបន្ទាប់ ដោយសារពួកគាត់មានអាការ:ឈឺក្បាល វិលមុខ តឹងទ្រូង ថប់ដង្ហើម និង ក្អួតចង្អោរយ៉ាងខ្លាំង ក្រោយពីពួកគាត់នាំគ្នាផឹកស្រាស និង ស្រាថ្នាំ ពេលកំដរបុណ្យសព ។ ដោយឡែក អ្នកដែលមានអាការៈធ្ងន់ធ្ងរបានបញ្ជូនបន្តទៅសង្រ្គោះនៅភ្នំពេញ ៕