ក្នុងតួនាទីជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជំរុញដល់ពលទាហានថ្មីដែលទើបត្រូវបានជ្រើសរើសបំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក អោយយកចិត្តទុកដាក់រៀនសូត្រ ខិតខំគោរពវិន័យ ស្រូបយកចំណេះដឹង និងទាញយកអត្ថប្រយោជន៍ជាក់ស្តែងចេញពីវគ្គហ្វឹកហ្វឺន ។
ការជំរុញនេះបានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល ជាមួយពលទាហានថ្មី ដែលកំពុងហ្វឹកហ្វឺនរៀនសូត្រនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក និងនៅសាលាពលទាហានទី៣ យោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៦ ខែមីនា ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បន្តថា ការស្ម័គ្រចិត្តចូលបម្រើកងទ័ព មិនមែនត្រឹមតែជាការប្តូរមកពាក់ឯកសណ្ឋានតែប៉ុណ្ណោះទេ ក្នុងនាមជាកងទ័ព គឺត្រូវយល់ដឹងអំពីតួនាទីភារកិច្ចកងទ័ព វិន័យសណ្តាប់ធ្នាប់ជួរទ័ព និងចំណេះដឹងយោធាផ្សេងៗដោយត្រូវឆ្លងកាត់ការហ្វឹកហ្វឺនត្រឹមត្រូវ ដែលជាមូលដ្ឋានសំខាន់ ដើម្បីឱ្យពលទាហានថ្មីមានសមត្ថភាពចេញទៅបំពេញភារកិច្ចនៅតាមបណ្តាអង្គភាព ប្រកបដោយសមត្ថភាព។
គួរបញ្ជាក់ថា ពលទាហានថ្មី ដែលទើបទទួលបានការជ្រើសរើសឱ្យចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទនេះ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យវាយតម្លៃយ៉ាងហ្មត់ចត់ សំរិតសម្រាំងចេញពីបេក្ខជនដែលបានស្ម័គ្រចិត្តដាក់ពាក្យច្រើននាក់ ហើយកំពុងឆ្លងវគ្គហ្វឹកហ្វឺននៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក និងនៅសាលាពលទាហានទី៣យោធភូមិភាគទី៣ ដើម្បីក្លាយខ្លួនជាកងទ័ពបម្រើជាតិ ត្រៀមលក្ខណៈបម្រើប្រជាពលរដ្ឋ និងការពារសុខសន្តិភាព៕